ក្មេងៗរងគ្រោះដែលរងរបួសដោយសារគប់លេងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា កាលពីវេលាម៉ោង ០៥៖៣០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចតង់ខៀវ ដែលស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីក្មេង៣នាក់ រួមជាមួយយុវជនម្នាក់ បាននាំគ្នារើសយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មិនស្គាល់ឈ្មោះ) ទៅគប់លេងជាច្រើនលើកច្រើនសារ រួចក៏ផ្ទុះឡើងបណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្មេងទាំង៣នាក់ រួមជាមួយយុវជនម្នាក់នោះមានឈ្មោះ៖

*ទី១៖ ឈ្មោះ សយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ
*ទី២៖ ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ១៣ឆ្នាំ
*ទី៣៖ ឈ្មោះ សយ ស៊ីណាត ភេទប្រុស អាយុ៨ឆ្នាំ
*ទី៤៖ ឈ្មោះ កួយ តាំងយូ ភេទប្រុស អាយុ២២ឆ្នាំ។

ក្នុងនាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត លោក ម៉ៅ ធនិន បានពាំនាំការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយមិនប្រកាន់ពីវណ្ណៈ ព័ណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានោះ លោកពិតជាសោកស្តាយចំពោះជនរងគ្រោះ និងសូមអំពាវនាវហើយអំពាវនាវទៀត សូមកុំវាយដំ និងលេងគ្រាប់ មិនទាន់ផ្ទុះ បើមានការសង្ស័យសូមប្រញាប់ប្រញាល់ ទាក់ទងទៅកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជាពិសេសអង្គភាព Hallo Trust ដើម្បីជួយបោសសំអាតជូនចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

អំណោយមនុស្សធម៌ ដែលបានចែកជូនដល់ជនរងគ្រោះទាំង៤នាក់ ដោយក្នុងមួយនាក់ទទួលបាន៖ ទឹកដោះគោ១ទ្បូ, ស្ករស១គីឡូក្រាម, តង់១, មុង១, ភួយ១, ក្រម៉ា១, សារុង និងថវិកាចំនួន ៥០ម៉ឺនរៀល៕