អគារសិក្សា ១ខ្នងតម្លៃ៥ម៉ឺនដុល្លារ នៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អំណោយរបស់តំណាងរាស្ដ្រ ម៉ា ឈឿន ត្រូវបានបញ្ចុះបឋមសិលាសាងសង់


តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងថា អគារសិក្សា១ខ្នង ដែលចាប់ផ្ដើមសាងសង់នេះ និងសមិទ្ធផលនានាកន្លងមក រួមទាំងឱកាសបានជួបជុំគ្នាយ៉ាងសុខសាន្ដនេះ ដោយសារប្រទេសជាតិមានសុខសន្ដិភាពពេញបរិបូរណ៌ ដែលបានមកពីជ័យជម្នះ៧មករា ជាស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា បានចេញតស៊ូរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ការថ្លែងបែបនេះ របស់ ឯកឧត្តម ម៉ា ឈឿន ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ០១ខ្នង មាន៤បន្ទប់ ក្រោមទំហំទឹកប្រាក់ ៥ម៉ឺនដុល្លារ ដែលស្ថិតនៅវត្ដកំណព្វ ភូមិប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការអញ្ជើញចូលរួមពី លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ និងមន្ដ្រីក្រុមការងារ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា សុខសន្ដិភាពបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយសម្រាប់នៅស្រុកជើងព្រៃ យើងក៏នឹងបន្ដកសាងសមិទ្ធផលនានាបន្ថែមទៀតផងដែរ។

បច្ចុប្បន្ននេះ លើពិភពលោក នៅតែបន្ដរាលត្បាតយ៉ាងសាហាវដោយជំងឺកូវីដ-១៩ «សូមអំពាវនាវដល់ប្រជាពលរដ្ឋ អនុវត្ដន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំថា ជំងឺកូវីដ-១៩ នឹងអាចឆ្លងគ្រប់ពេលបើយើងធ្វេសប្រហែស យើងអាចភ្លេចវា តែវាមិនភ្លេចយើងទេ សូមបន្ដការប្រុងប្រយ័ត្នខ្ពស់»

ជាមួយគ្នានោះ តំណាងរាស្ដ្រ ម៉ា ឈឿន «ជំរុញដល់អាជ្ញាធរដែនដី ត្រូវបន្ដយកចិត្ដទុកដាក់ និងសកម្មក្នុងការចុះស្វែងយល់ពីផលលំបាក និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងសូមអនុវត្ដគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរបន្ថែមទៀត»។ ជាងនេះទៅទៀត ស្នើដល់អាជ្ញាធរដែនដី ធ្វើអត្ដសញ្ញាណបណ្ណជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា អគារសិក្សា ១ខ្នងតម្លៃ៥ម៉ឺនដុល្លារ នៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អំណោយរបស់ ឯកឧត្តម ម៉ា ឈឿន និងលោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ បានសម្រេចសាងសង់នេះ បន្ទាប់ពីសាលា ១ខ្នងនេះ ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញរលំកាលពីឆ្នាំកន្លងទៅ។ អគារសិក្សានេះ នឹងបញ្ចប់ការសាងសង់រួចជាស្ថាពរនៅដើមឆ្នាំ២០២១ ដែលនឹងអាចបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ បានក្លាយជាទំពាំងស្នងឬស្សី ចូលរួមជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ៕