លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋនៅទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់សម្រាប់ថ្ងៃឈប់សម្រាក នាពេលខាងមុខ


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រៃវែងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបាន ជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក។ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវក៏សូមអបអរសាទរប្រជាពលរដ្ឋខេត្តព្រៃវែង ដោយគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមាន ទៅលើប្រជាពលរដ្ឋណាមួយឡើយ។

លោកជំទាវ ឱ វណ្ណឌីន បន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការ ឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតី ប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវទេសចរឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹងសាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មី នៃបរិបទសង្គមបច្ចុប្បន្ននេះ។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ចំណុចប្រឈមនឹងបញ្ហាមួយចំនួន នៅក្នុងការអនុវត្តវិធានការបង្ការការពារជំងឺកូវីដ១៩ នៅខេត្តព្រៃវែង លោកស្រីនឹងទទួលយកសំណើនេះ ដើម្បីដាក់ជូន លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយសូមឲ្យមន្ត្រីយើងទាំងអស់គ្នា ត្រូវខិតខំបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការចម្លង នៅក្នុងសហគមន៍ជាដាច់ខាត ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យមានការឆ្លងជំងឺនេះដល់ខ្លួន ព្រោះនៅក្នុងបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក មានការឆ្លងជំងឺនេះដល់ក្រុមគ្រូពេទ្យ ចំណែកនៅឯនៅក្នុងប្រទេសកម្ពុជាយើង គឺមិនទាន់មានការឆ្លងជំងឺនេះដល់ក្រុមគ្រូពេទ្យនៅឡើយទេ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅក្នុងការឈប់សម្រាកសងថ្ងៃចូលឆ្នាំនៅពេលខាងមុខនេះ សូមឲ្យមានការប្រុងប្រយ័ត្នដោយត្រូវធ្វើអនាម័យជាប្រចាំ លាងដៃនឹងសាប៊ូ អាកុល ជែលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ១៩។ ជាពិសេសសូមឲ្យមន្ត្រី ត្រូវតាមដានចំពោះភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កន្លែងទេសចរណ៍ផ្សេងៗឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានសាប៊ូ អាល់កុល ជែល សម្រាប់ឲ្យភ្ញៀវលាងសម្អាតដៃ ព្រមទាំងម៉ាស៉ីនវាស់កម្ដៅ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ។

បើតាមរបាយការណ៍ ដែលលោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើបទបង្ហាញដល់គណៈប្រតិភូថា ការងារគ្រប់គ្រងចត្តាឡីស័កនៅខេត្តព្រៃវែង ក្នុងនោះចត្តាឡីស័កនៅតាមព្រំដែនមានចំនួន ៤កន្លែង និងមណ្ឌលត្រួតពិនិត្យមាន១កន្លែង និងមណ្ឌលចត្តាឡីស័កកម្រិត ២មាន៤កន្លែង មណ្ឌលព្យាបាលជំងឺកូវីដ១៩ មាន១កន្លែងនៅមន្ទីរពេទ្យខេត្តព្រៃវែង ចំណែកមណ្ឌលចត្តាឡីស័កកម្រិតមួយមាន ១១៩កន្លែង។ ក្រុមឆ្លើយតបបន្ទាន់(RRT)មាន២៨២នាក់ និងក្រុមចុះតាមដានសុខភាពប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ២១៩ នាក់។

តាមរបាយការណ៍បានបញ្ជាក់ទៀតថា ចំពោះវិធានការនៃការគ្រប់គ្រងជម្ងឺរហូតដល់បច្ចុប្បន្ននេះ ក្នុងខេត្តព្រៃវែង មិនមានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩នោះទេ។ ចំពោះមុខសញ្ញា កំពុងដាក់ឲ្យនៅដាច់ដោយឡែក និងការស្រាវជ្រាវប្រមូលសំណាកមានចំនួនសរុប ១៥៧២នាក់ស្រី ៥៨០ នាក់អវិជ្ជមាន១៥៧២នាក់ និងអ្នកប៉ះពាល់មានចំនួនសរុប ៥២ នាក់ស្រី ១៧ នាក់។

រីឯពលករចំណាកស្រុកសរុប ៩៣១៤ នាក់ស្រី ៣៧៣៨នាក់ ពលករខ្មែរមកពីបរទេសមានចំនួន៩២៧១ នាក់ស្រី ៣៧២៥នាក់ ពលករខ្មែរក្នុងប្រទេសមានចំនួន៨០៩១៣ នាក់ស្រី ៣៨៣៧២នាក់ ជនបរទេសមកពីក្រៅប្រទេសសរុបចំនួន៤នាក់ និងជនបរទេសនៅក្នុងប្រទេសមានចំនួនសរុប ៤២ នាក់ស្រី្ត ១៤នាក់។ ចំពោះទិសដៅបន្តសម្រាប់ទប់ស្កាត់រលកទី ២នៃជំងឺកូវីដ១៩ សម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តព្រៃវែងគឺបន្តចុះអប់រំ និងពិនិត្យសុខភាពជាប្រចាំតាមមណ្ឌលចិត្តសាស្រ្តកម្រិត ២,១ និងនៅផ្ទះព្រមទាំងបន្តអប់រំផ្សព្វផ្សាយ នៅតាមទីប្រជុំជននិងសហគមន៍តាមរយៈខិតប័ណ្ណ និងចាក់ផ្សាយតាមមេក្រូ ព្រមទាំងពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមច្រកព្រំដែន និងសហគមន៍ ពង្រឹងប្រព័ន្ធបែងចែកជំងឺដំបូង នៅមណ្ឌលសុខាភិបាលបន្តការចុះប្រមូលសំណាក និងស្រាវជ្រាវករណីប៉ះពាល់នឹងសង្ស័យជំងឺកូវីដ១៩ បណ្ដុះបណ្ដាលការប្រមូលសំណាក និងរបៀបប្រើប្រាស់សំភារ ការពារខ្លួនពង្រឹងការគ្រប់គ្រងពលករចំណាកស្រុក ដែលវិលត្រឡប់ពីបរទេសជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គណៈប្រតិភូក្រសួងសុខាភិបាលដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន បានចុះបំពេញបេសកកម្មចំនួន២ថ្ងៃ គឺនៅថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០២០ ក្នុងខេត្តព្រៃវែង ដែលបានចុះពិនិត្យមើលអំពីចត្តាឡីស័ក្ក នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច និងមន្ទីរពេទ្យរដ្ឋមួយចំនួននៅក្នុងខេត្តព្រៃវែងផងដែរ៕