រដ្ឋបាលខណ្ឌសែនសុខ ចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋជួបការលំបាកក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ចំនួន ៦៥គ្រួសារ


ព្រះរតនលិខិត ទុយ ភារម្យ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជទេពវង្ស និងជាព្រះចៅអធិការវត្តសែនសុខ ស្ថិតនៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំព្រះសង្ឃ អាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តប្រារព្ធពិធីបុណ្យសង្ឃទាន-សង្គហទាន រំលឹកខួប១៧ឆ្នាំ ថ្ងៃបង្កើតសាលាបុណ្យសែនសុខ និងខួប៧ឆ្នាំ នៃការប្រែក្លាយសាលាបុណ្យឡើងជាវត្តសែនសុខ ដើម្បីឧទ្ទិសកុសលដល់ឧបាសក ឧបាសិកា និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកកសាងវត្តរៀងរហូតមក។

ក្នុងពិធីបុណ្យនេះ ក៏មានចែកទេយ្យទានជា គ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ចំនួន៦៥គ្រួសារ មកពី ៧សហគមន៍ និង១៣ភូមិ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីបុណ្យធ្វើឡើងក្រោមអធិបតីភាពលោក តិមា សោភា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ, លោក មាន សុផាន្នី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ, លោក អ៊ុច សម្បត្តិ ចៅសង្កាត់រងឃ្មួញ។

ក្នុងឱកាសនោះ លោក តិមា សោភា បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តដែលបានដឹកនាំកសាងវត្តមានការរីកចម្រើនគួរឱ្យ កត់សម្គាល់ រក្សាបាននូវចំណងសាមគ្គីផ្ទៃក្នុងវត្ត និងយល់ទុក្ខធុរៈដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ថែមទាំងបានរៀបចំទេយ្យទាន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងពេលនេះ។

លោកអភិបាលរងខណ្ឌ បានក្រើនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ អាចារ្យគណៈកម្មការទាំងអស់ ត្រូវ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្ថែមទៀត កុំធ្វេសប្រហេសក្នុងពេលឈប់សម្រាកខាងមុខ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសង្គម សុវត្ថិភាព ពាក់ម៉ាសការពារលាងដៃដោយអាកុល ឬសាប៊ូទឹកស្អាតជាពិសេសត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬពេទ្យបង្អែកដែលនៅជិតផ្ទះបើមានការសង្ស័យណាមួយ។

ព្រះរតនលិខិត ទុយ ភារម្យ ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា វត្តសែនសុខ គឺជាវត្តថ្មីដែលទើបបង្កើតឡើងក្នុងសម័យតេជោសន្តិភាពនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ សាលារាជធានីភ្នំពេញ នាឆ្នាំ២០០៣ បានសង់សាលាបុណ្យមួយខ្នងអំពីឈើប្រក់ក្បឿង ចាក់ដីទីធ្លា ដើម្បីបម្រើដល់សេចក្តីត្រូវការក្នុងកិច្ចប្រណិបត្តិជំនឿព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទក្នុងតំបន់អភិវឌ្ឍន៍សែនសុខ លុះឆ្នាំ២០១៣ បានប្រែក្លាយពីសាលាបុណ្យឡើងមកជា វត្តសែនសុខ ដល់បច្ចុប្បន្ន៕