ឯកឧត្តម ស្តើង សុខុម៖ ទង្វើល្អរបស់មន្ត្រីជា «វ៉ាក់សាំង» ដ៏មានប្រសិទ្ធភាពបង្កា និងបន្សាបគំនិតអវិជ្ជមានមកលើរាជរដ្ឋាភិបាល


ឯកឧត្តម ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ បានណែនាំដល់មន្ត្រីគណបក្សទាំងអស់ ត្រូវធ្វើអំពើល្អឱ្យបានច្រើនជាមួយប្រជាពលរដ្ឋ ព្រោះទង្វើល្អរបស់មន្ត្រី គឺជា «វ៉ាក់សាំង» ដ៏មានប្រសិទ្ធភាពបង្កា និងបន្សាបគំនិតអវិជ្ជមានមកលើរាជរដ្ឋាភិបាល។

ការណែនាំបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែសីហា ២០២០។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រៃវែង និង ឯកឧត្តម ស្តើង សុខុម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារនៅឃុំដូនកឹង។

ឯកឧត្តម ស្តើង សុខុម បានណែនាំដល់មន្ត្រីគណបក្សដែលចូលរួមប្រមាណ ២០០នាក់នៅក្នុងឃុំដូនកឹងថា «ទង្វើល្អរបស់មន្ត្រីវាស្តែងតាមរយៈការងាររបស់ខ្លួនយើងម្នាក់ៗ។ បញ្ហាសំខាន់របស់មន្ត្រីបក្ស គឺត្រូវបន្តចុះជាប់មូលដ្ឋាន និងជួបសមាជិកបក្សនៅតាមខ្នងផ្ទះ, ធ្វើទង្វើល្អជាមួយប្រជាពលរដ្ឋ, ត្រូវជៀសឆ្ងាយពីអំពើអសកម្មទាំងឡាយ, ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និង ដោះស្រាយ បញ្ហា របស់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ដោយ យុត្តិធ៌ម តម្លាភាពនិង មាន ប្រសិទ្ធភាព »។

ឯកឧត្តមប្រធានក្រុមការងារបន្តថា «កិច្ចការនៅមូលដ្ឋានរបស់យើងមានច្រើនដូចនេះទាមទារឲ្យមានការយកចិត្តទុកដាក់ពីមន្រ្តីរបស់យើង។ការចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់លំនៅដ្ឋានគឺជារឿងសំខាន់ដែលផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងមន្ត្រី។ ប្រជាពលរដ្ឋពិតជាត្រូវការភាពកក់ក្តៅពីមន្រ្តី ពួកគេអាចប្រាប់យើងនូវ អ្វីដែលពួកគេចង់បាន អ្វីដែលជាតម្រូវការចាំបាច់របស់ពួកគេ។ ជាក់ស្តែងនៅក្នុងដំណាក់កាលកូវីដ១៩ នេះការចុះសួរសុខទុក្ខបងប្អូនដល់លំនៅដ្ឋានជាប្រការល្អណាស់ ព្រោះយើងមានឱកាសជួយណែនាំវិធានការបង្កាទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ និងអាចដឹងថាប្រជាពលរដ្ឋណាជួបការលំបាកក្នុងជីវភាព ដែលយើងអាចស្នើទៅឃុំឲ្យស្រង់ស្ថិតិអ្នកទាំងនោះ ដើម្បីពួកគេបានទទួលនូវបា្រក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាពិសេសត្រូយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និង ជនចាស់ជរាគ្មានទីពឹង»

ឯកឧត្តម ស្តើង សុខុម ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារក៏មិនភ្លេចរំលឹកដល់សមាជិកបក្សឲ្យយកចិត្តទុកដាក់ចំពោះគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ជាពិសេសការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញឿន បងតូចបងធំ ល្បែងស៊ីសង ត្រូវតែកុំឱ្យមាននៅក្នុងមូលដ្ឋាន។ លោកបន្តថា ប្រជាពលរដ្ឋរបស់យើងកំពុងរស់នៅក្នុងបរិយាកាសនៃសុខសន្តិភាពផ្លូវកាយដូចនេះត្រូវឲ្យពួកគាត់ទទួលបាននូវសន្តិភាពផ្លូវចិត្តផងដែរ។បើនៅក្នុងភូមិឃុំមិនមាន សុវត្តិភាពទេនោះសន្តិភាពផ្លូវចិត្តក៏មិនមានដែរ ។

ឯកឧត្តម ស្តើង សុខុម បន្តថា «ទង្វើល្អរបស់មន្រ្តីនឹងក្លាយជាវ៉ាក់សាំងដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្កានិងបន្សាបនូវគំនិតអវិជ្ជមានមកលើរាជរដ្ឋាភិបាល។ ដូចនេះបើមន្រ្តីយើងធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ នោះវានឹងធ្វើឲ្យគំនិតដែលអគតិ ចំពោះរាជរដ្ឋាភិបាលនិងសាបរលាបទៅដោយឯកឯង។ ពេលខ្លះទោះបីគេមិនមែនជាសមាជិកគណបក្សប្រជាជនតែគេក៏អាចបោះឆ្នោតគាំទ្រគណបក្សយើង ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាលផងដែរ។ អំពើល្អមិនចាំបាច់ទាល់តែយកលុយទៅជូនទើបហៅថាអំពោះល្អនោះទេ អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើអំពើល្អបានគ្រប់ពេល គ្រប់វេលា អំពើល្អគឺចេញពីចិត្ត និង ទង្វើរបស់យើងគ្រប់គ្នា ចេះជួយទុក្ខធុរៈប្រជាពលរដ្ឋក្នុងគ្រាលំបាក អំពើល្អនេះមិនសាបសូន្យឡើយ»

ឯកឧត្តម ស្តើង សុខុម បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជាបានឈរជើងយ៉ាងរឹងមាំអស់រយៈពេលជាង ២០ឆ្នាំមកហើយដែលគ្មានគណបក្សណាមួយប្រៀបជាមួយបានឡើយ។ នេះក៏ដោយសារតែគណបក្សបានយកប្រយោជន៍ប្រជាជនជាធំ នៅជាមួយប្រជាជន ធ្វើអ្វីៗដើម្បីបុព្ធហេតុប្រជាជន។ ចំណុចខ្លាំងដែរជាគ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនផងដែរនោះ គឺមានការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសមិទ្ធផលសំខាន់ៗរបស់ជាតិត្រូវបានកសាងឡើងជាបន្តបន្ទាប់ដូចជាផ្លូវ ស្ពាន ប្រឡាយទឹក អគ្គិសនី សាលារៀនជាដើមព្រមទាំងការកែលំអរនិងការបង្ខិតសេវាសាធារណៈឲ្យដល់ជិតប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់រួមទាំងការមិនយកកម្រៃពីសេវាសាធារណៈ ចាំបាច់មួយ ក្នុងគោលដៅបង្កការងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកច្រើន។

នៅក្នុងឱកាសនោះដែរឯកឧត្តម ស្តើង សុខុម ក៏បានផ្តល់ការណែនាំដល់ប្រធានក្រុមការងារថ្មីនិងមន្រ្តីបក្សនៅមូលដ្ឋានត្រូវបន្តសាមគ្គីនិងរួមដៃគ្នាអនុវត្តនូវវិធានការ និងយុទ្ធសាស្រ្តថ្មីៗដែលគណបក្សបានដាក់ចេញឲ្យបានស្រុះដៃគ្នានិងមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីរក្សាការគាំទ្រ,បង្កើនការគាំទ្រនិងទាក់ទាញការគាំទ្របន្ថែម មកលើគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្តព្រៃវែង បានកោតសរសើរចំពោះការដឹកនាំរបស់ប្រធានក្រុម ការងារចុះមូលដ្ឋានស្រុកកំចាយមារ ដែលបានធ្វើឲ្យស្រុកមួយនេះទទួលបានជ័យជំនះលើការបោះឆ្នោតជាបន្តបន្ទាប់ទាំងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក៏ដូចជា ការបោះឆ្នោតតំណាងរាស្រ្ត។ លោកបានស្នើឲ្យសមាជិកគណបក្សទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និង បន្តធ្វើអំពើល្អ ។

ឯកឧត្តម ស្តើង សុខុមក៏បាននាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងភរិយាចំនួន ១៥លានរៀល ចែកជូនដល់ឃុំទាំង៨ ក្នុងស្រុកកំចាយមារចូលរួមគាំទ្រសកម្មភាពយុទ្ធនាការចុះសួរសុខទុក្ខបងប្អូនចំណាកស្រុកនៅតាមលំនៅដ្ឋានក្នុងឱកាសនៃការ ឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិ៕