ពលរដ្ឋខ្មែររំលេចការសប្បាយ បញ្ឈឺក្រុមចង់ឃើញ រាជរដ្ឋាភិបាលរលំព្រោះកូវីដ១៩


បើទោះបីថាកាលបរិច្ឆេទនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវចាប់ផ្តើមពីថ្ងៃចន្ទ ទី១៧ ខែសីហា សប្តាហ៍ក្រោយយ៉ាងណាក្តី។ តែដោយសារតែថ្ងៃសៅរ៍ នេះជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងអ្នកបម្រើការងារនៅតាមស្ថាប័ន និងអង្គភាពនានារបស់វិស័យឯកជនដែរនោះ មានមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់ផ្តើមធ្វើដំណើរកម្សាន្តរបស់ពួកគេ ខណៈអ្នកខ្លះក៏បានធ្វើដំណើរទៅស្រុកកំណើត។

ប្រជាពលរដ្ឋខ្មែរជារៀងរាល់ឆ្នាំតែងមានឱកាសបានឈប់សម្រាកជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តសម្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចមិនឱ្យមានការឈប់សម្រាកនោះឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំ២០២០នេះ។

បន្ទាប់ពីការពិនិត្យឃើញថាស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាល ហើយអាចគ្រប់គ្រងបានខ្លះហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជ្រើសយកខែសីហា នេះ ដើម្បីឱ្យមន្ត្រីរាជការ បុគ្គលិកបម្រើការងារតាមគ្រឹះស្ថានការងារនានាបានឈប់សម្រាកសងវិញ ដោយចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១។ ពេលវេលានៃការឈប់សម្រាកនេះ ដ្បិតថាការកំណត់៥ថ្ងៃ តែបើរាប់ទាំងថ្ងៃសៅរ អាទិត្យ ដែលជាថ្ងៃមិនធ្វើការសម្រាប់មន្ត្រីរាជការ និងស្ថាប័នគ្រឹះស្ថានការងារឯកជនមួយចំនួនផងនោះ ដូច្នេះការឈប់សម្រាកនេះអាចមានរយៈពេលរហូតដល់ទៅ៩ថ្ងៃឯណោះ។ ជាពេលវេលានៃការឈប់សម្រាកដ៏យូរមួយផងដែរ។

មន្ត្រីរាជការ បុគ្គលិកបម្រើការងារតាមក្រុមហ៊ុន និងគ្រឹះស្ថានការងារនានា ហាក់មានក្តីរីករាយណាស់ចំពោះការទទួលបាននូវថ្ងៃឈប់សម្រាកនេះ។ នៅថ្ងៃសៅរ៍ នេះ នៅលើបណ្តាញសង្គមដែលជាវេទិកាចែករំលែកសកម្មភាពជីវិតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនោះ គេបានឃើញរូបភាពនៃការធ្វើដំណើរកម្សាន្ត និងការរៀបចំគម្រោងដំណើរកម្សាន្ត ក៏ដូចជាការទៅកាន់ស្រុកកំណើតត្រូវបានរំលេចយ៉ាងព្រោងព្រាតទាំងម្តង។

ស្នាមញញឹមរំលេចឱ្យឃើញភាពរីករាយ និងស្រស់ស្រាយត្រូវបានផុសឡើងយ៉ាងត្រដែតនៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋខ្មែរដែលមានដំណើរកម្សាន្តនោះ។ អ្នកដែលគម្រោងក៏បានធ្វើដំណើរកម្សាន្ត ហើយសម្រាប់ពលរដ្ឋខ្មែរដែលគ្មានគម្រោងដំណើរកម្សាន្ត ក៏មានឱកាសបាននៅជួបជុំក្រុមគ្រួសារផងដែរក្នុងឱកាសឈប់សម្រាកពីការងារនេះ។

ក្រឡេកទៅអាជ្ញាធរនៅគ្រប់បណ្តាខេត្តរបស់កម្ពុជា ក៏មានភាពសស្រាក់សស្រាំផងដែរ ជាមួយការរៀបចំតុបតែងលំអរខេត្ត និងរៀបចំតំបន់ទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុក។ កូវីដ១៩ បានធ្វើឱ្យវិស័យទេសចរបានជួបបញ្ហាយ៉ាងខ្លាំង ឱកាសឈប់សម្រាកនេះ ត្រូវបានរំពឹងថា ជាឱកាសមួយជួយដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យមានលំហូរថវិកាពីប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់គោលដៅទេសចរណ៍។

ផ្ទះសំណាក់ និងកន្លែងស្នាក់នៅតាមខេត្តជាគោលដៅទេសចរណ៍ ត្រូវបានរាយការណ៍ថា មានការកក់សម្រាប់ស្នាក់នៅបានច្រើនណាស់ដែរពីអ្នកទេសចរណ៍ក្នុងស្រុក។

ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកដែរ សុទ្ធតែកំពុងជួបនូវការលំបាកផ្នែកសេដ្ឋកិច្ច ព្រោះតែការយាយីនៃជំងឺកូវីដ១៩។ បើទោះបីជាយ៉ាងណាទាំងកម្ពុជា និងបណ្តាប្រទេសទាំងអស់លើពិភពលោកទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏បានប្រឹងប្រែងក្នុងរក្សាលំនឹងសេដ្ឋកិច្ចផងដែរ។

ការដួលរលំផ្នែកសេដ្ឋកិច្ចព្រោះតែជំងឺកូវីដ១៨ ជាក្តីបារម្ភខ្លាំងក្លាមួយរបស់មេដឹកនាំនៃបណ្តាប្រទេសលើពិភពលោកនាពេលបច្ចុប្បន្ន ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រនានាជាច្រើន ដើម្បីរក្សាដំណើរការសេដ្ឋកិច្ចនៅក្នុងប្រទេស។ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវការអន្តរាគមន៍ជាច្រើន ធ្វើយ៉ាងណាធានាឱ្យបាននូវដំណើរសេដ្ឋកិច្ចនៅក្នុងប្រទេស។

ច្បាស់ណាស់ថា វិបត្តិកូវីដ១៩ បានបង្កការខាតបង់ខ្លះសម្រាប់ប្រជាពលរដ្ឋខ្មែរ តែតាមរយៈការដាក់ចេញនូវកិច្ចអន្តរាគមន៍ទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏បានជួយរួមចំណែកទប់ស្កាត់ការខាត់បង់នេះបានមួយផ្នែកផងដែរ។

តាមរយៈទិដ្ឋភាពនៃដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជានាពេលនេះ បានស្តែងឱ្យឃើញថា ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរបស់គ្រួសារខ្មែរស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាននៅឡើយ បើទោះបីកម្ពុជាកំពុងរងវិបត្តិសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះក៏ដោយ។ ច្បាស់ណាស់ បើស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរ ជួបការយ៉ាប់យ៉ឺនខ្លាំងនឹងមិនមានសកម្មភាពដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកនេះឡើយ។

ក្រុមប្រឆាំងនៅក្រៅប្រទេសគេតែងតែទស្សទាយ និងវាយតម្លៃផ្សេងៗលើរាជរដ្ឋាភិបាល ដោយលើកឡើងថា កម្ពុជា នឹងត្រូវជួបវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខាននោះឡើយនៅចំពោះមុខនាការយាយីដោយសារជំងឺកូវីដ១៩នេះ។

តាមរយៈសកម្មភាពរបស់ប្រជាពលរដ្ឋទាំងនេះ ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ទៅកាន់មនុស្សដែលតែងតែបន់ស្រន់ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាដួលរលំ ព្រោះតែជំងឺកូវីដ១៩ ពីភាពខ្លាំងពូកែ និងការចាត់ចែងដឹកនាំដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

បើទោះបីជាយ៉ាងណាក៏ដោយចុះ នៅក្នុងដំណើរកម្សាន្តរយៈពេលប៉ុន្មានថ្ងៃនេះ ក៏គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ដោយត្រូវបើកបរដោយការគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យ ប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្ន។ ជាពិសេសកុំបើកបរពេលមានជាតិស្រវឹង ដើម្បីធានាថា ការសប្បាយរបស់ពួកយើងនាកំលុងពេលនេះមិនក្លាយទៅជាទុក្ខនោះទេ។

មួយវិញទៀតទោះថា ជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបានយ៉ាងណាក៏ដោយចុះ តែក៏មិនត្រូវភ្លេចចំពោះវាផងដែរ។ សូមរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីធានាថាជំងឺនេះមិនឆ្លងមកខ្លួនយើង ក្រុមគ្រួសារ អ្នកជិតខាង និងសហគមន៍របស់យើង៕