សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ និងត្រូវគោរពច្បាប់ចរាចរណ៍រាល់ការធ្វើដំណើរនានា


នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយ ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យខាងតែបាន ដោយចាប់ផ្ដើមអនុវត្តពីបុគ្គលម្នាក់ៗជាមុន ហើយម្យ៉ាងទៀតក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជូនផងដែរ ក្នុងពេលធ្វើដណើរទៅលេងស្រុកកំណើត ឬទៅកាន់ទីជិតឆ្ងាយនានា។

ការបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងនាឱកាសបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ជនរួមជាតិខ្មែរគ្រប់ៗគ្នា សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនឱ្យខាងតែបានពីការឆ្លងជំងឺកូវីដ-១៩ ដែលអាចបន្តឆ្លងទៅដល់ក្រុមគ្រួសារ និងសហគមន៍។ ការអំពាវនាវនេះក៏ដើម្បីធានាថា ក្រោយថ្ងៃឈប់សម្រាកនេះ មិនមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ជាដាច់ខាត។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅកាន់ជនរួមជាតិរបស់យើងគ្រប់ៗគ្នា សូមមេត្តាយកចិត្តទុកដាក់ការពារឱ្យខាងតែបាន កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកលើខ្លួន ហើយតាមរយៈខ្លួននេះអាចឆ្លងទៅកាន់ក្រុមគ្រួសារ និងឆ្លងចូលទៅក្នុងសហគមន៍ នេះជាការអំពាវនាវទីមួយរបស់ខ្ញុំ ដើម្បីធានាថាក្រោយថ្ងៃឈប់សម្រាកនេះ មិនមានការឆ្លងចូលទៅក្នុងសហគមន៍ទេ»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំឭកដល់ម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឬអ្នកមើលការនៅតំបន់ទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងស្នាក់នៅនានា ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវតែធានាស្ដង់ដាសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។ ប្រសិនបើមានហេតុការណ៍មិនស្រួល ត្រូវតែប្រញាប់ប្រញាល់ដាក់ការហ៊ុព័ទ្ធ ហើយស្វែងរកភ្លាមចំពោះអ្នកដែលមានការពាក់ព័ន្ធ ពិសេសត្រូវទំនាក់ទំនងជាមួយគ្រូពេទ្យ ឬផ្នែកសុខាភិបាលដែលនៅជិត ដាច់ខាតកុំមានការធ្វេសប្រហែសឱ្យសោះ គឺត្រូវប្រកាន់ស្មារតីរក្សាសុវត្ថិភាពនៅតាមទីកន្លែងទទួលទេសចរឱ្យបានហ្មត់ចត់។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ភ្ញៀវទេសចរទាំងឡាយឱ្យត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាពខ្លួនឯងផងដែរ ដោយដំបូងបំផុត គឺត្រូវចាប់ផ្ដើមពីមនុស្សម្នាក់ៗ និងបន្តទៅគ្រួសារនីមួយៗ ពីព្រោះបើមិនធ្វើដូច្នេះទេ មនុស្សម្នាក់ៗទាំងនោះនឹងនាំជំងឺឆ្លងចូលទៅក្នុងគ្រួសាររបស់ខ្លួនជាមិនខាន។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរនៅលើដងផ្លូវត្រូវថែទាំជីវិតឱ្យខាងតែបាន ក្នុងពេលឈប់សម្រាកនេះ តាមរយៈការគោរពច្បាប់ចរាចរណ៍ ការបើកបរដោយមិនពិសាគ្រឿងស្រវឹង ឬពេលស្រវឹងមិនត្រូវបើកបរជាដើម ដែលនេះក៏ជាការការពារជីវិតរបស់ខ្លួន និងជីវិតរបស់អ្នកដទៃផងដែរ។

សម្ដេចបានថ្លែងទៀតថា «ជាធម្មតានៅក្នុងការធ្វើដំណើរលេងកម្សាន្ត រមែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះសូមបងប្អូនយកចិត្តទុកដាក់ការពារជីវិតខ្លួនឯង ក៏ដូចជាការពារជីវិតអ្នកដទៃ តាមរយៈការបើកបរដោយគោរពច្បាប់ចរាចរណ៍ ដោយមិនសេធគ្រឿងស្រវឹង ព្រោះគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹង គឺមានភាគរយខ្ពស់ណាស់»

អ្វីទាំងអស់នេះអាចចាត់ទុកថាជាការអង្វរកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់គ្នា ហើយមិនចង់ឱ្យមានគ្រោះថ្នាក់ ឬបញ្ហាអាក្រក់ណាមួយកើតឡើងចំពោះប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឡើយ៕