សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលបានដីជាង២០០០ហិកតា ដែលបានពីការដោះដូរជាមួយវៀតណាម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាទទួលបានដីជាង ២០០០ហិកតា ដែលបានពីការដោះដូរជាមួយវៀតណាម ក្នុងការរៀបចំព្រំដែនរវាងប្រទេសទាំង២ ហើយសម្តេចបានបញ្ជាឲ្យយកដីទាំងនេះ ទុកប្រគល់ជូនកងទ័ពការពារព្រំដែន និងនគរបាលតាមព្រំដែន ក៏ដូចជាអតីតយុទ្ធជន ដែលគ្មានដីនៅ។

សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះនៅតាមតំបន់ព្រំដែនទាំង២ វៀតណាមត្រូវប្រគល់ដីជាង ២០០០ហិកតា ដែលយើងកំពុងតែត្រៀម ហើយខ្ញុំបានបញ្ជាហើយ ដីនេះនៅពេលដែលវៀតណាមប្រគល់ឲ្យកម្ពុជា ត្រូវប្រគល់ឲ្យខេត្តហើយត្រូវធ្វើជាដីសង្គមកិច្ច ប្រគល់ឲ្យកងទ័ព និងនគរបាលការពារព្រំដែន។ ខ្ញុំមានចំណារលើឯកឧត្តម វ៉ា គឹម ហុង អញ្ចឹងឯកឧត្តម ជា សុផារ៉ា នៅពេលក្រោយ ត្រូវត្រៀមយកដីនេះ យើងឲ្យខេត្តគ្រប់គ្រង ហើយអាទិភាពប្រគល់ឲ្យកងទ័ព នគរបាល និងអតីតយុទ្ធជន ដែលគ្មានដីធ្លី»

សម្តេចបានរំលឹកថា ការរៀបចំព្រំដែននេះគឺកម្ពុជាយកតាមផែនទី ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ ហើយបារាំងជាអ្នកគូស កាលពីអតីតកាល។ ក្នុងចំណុចនេះដែរ សម្តេចបានគូសរំលេចពីការដោះដូរដីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសម្តេច ហេង សំរិន ព្រោះកាលមិនទាន់រៀបចំព្រំដែនថ្មី ភូមិមួយនេះស្ថិតនៅលើដីវៀតណាម មានចំនួន ៥០០ហិកតា ធ្វើឲ្យកម្ពុជាត្រូវរកដីដូរជាមួយវៀតណាម៥០០ហិកតាវិញដែរ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែន របស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី មាន៣ជម្រើស នៅក្នុងការរៀបចំព្រំដែន ត្រង់ចំណុចពិបាកៗដូចនេះ រួមមាន៖ ជម្រើសទី១ ត្រូវកាត់ភូមិសម្តេច ហេង សំរិន ទៅឲ្យវៀតណាមគ្រប់គ្រង ដោយរក្សាទុកខ្សែព្រំដែនដដែល, ជម្រើសទី២ រក្សាខ្សែព្រំដែនដដែល ប៉ុន្តែរើភូមិរបស់សម្តេច ហេង សំរិន ចេញហើយរកដីឲ្យគាត់ធ្វើភូមិថ្មីនៅក្នុងដីខ្មែរ, ឯជម្រើសទី៣ ត្រូវដោះដូរដីគ្នា ដោយរៀបចំខ្សែព្រំដែនជាថ្មី។ កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហានេះដោយយកចំណុចទី៣ គឺត្រូវដូរខ្សែព្រំដែន ដោយគូសខ្សែព្រំដែនថ្មី ព័ទ្ធយកភូមិសម្តេច ហេង សំរិន ឲ្យមកនៅក្នុងដីខ្មែរ។

«អញ្ចឹងថា កន្លែងហ្នឹង៥០០ហិកតា យើងត្រូវរកកន្លែងផ្សេង ដើម្បីសងទៅវៀតណាម ៥០០ហិកតា»។ នេះជាប្រសាសន៍បញ្ជាក់បន្ថែម របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកម្តងហើយម្តងទៀតថា ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺបន្សល់ដោយបារាំងមិនមែនជាផែនទីកំណត់ដោយ ខ្មែរនោះទេ ហើយសម្តេចថ្លែងបន្ថែមថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ និងប្រាប់ក្រុមប្រឆាំង កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។ សម្តេចតេជោ បានចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងណុង? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។ សម្តេចតេជោ បានថ្លែងថា ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ។

សូមជម្រាបថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០០០០ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយផងដែរ៕