ឯកឧត្តម ម៉ម ប៊ុននាង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ស្រ្តីទើបសម្រាលកូន និង ប្រជាពលរដ្ឋក្រីក្រ ៧០គ្រួសារ នៅខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០ព្រឹទ្ធសភា) និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនស្រ្តីទើបសម្រាលកូន និងប្រជាពលរដ្ឋក្រីក្រ ចំនួន៧០គ្រួសារ ដើម្បីជួយដោះស្រាយដល់ជីវភាពប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ (Covid-19) ក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា នៅប្រទេសកម្ពុជាយើងអាស្រ័យដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ទើបស្ថានភាពនៃជម្ងឺនេះបានធូរស្រាល ហើយការចម្លងក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍។

ជាមួយគ្នាដូចនេះ ប្រធានគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ ដៃជើង និងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ជាពិសេសត្រូវចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រើន នៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្តទៀតថា ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលគោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ«ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។

ឯកឧត្តម ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចក្រុមប្រឹក្សាឃុំទាំងអស់ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសគឺការផ្តល់សេវាសាធារណៈដែលជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បាននាំយកអំណោយមួយចំនួនចែកជូនស្ត្រីទើបសម្រាលកូន និងប្រជាពលរដ្ឋក្រីក្រ មកពី៥ភូមិ គឺភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋសរុប៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូ ប៊ីចេងកន្លះគីឡូ សារុង១ និងថវិកា ៥ម៉ឺនរៀល និងជូនថវិកាដល់គ្រួសារសពចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបានថវិកា២០ម៉ឺនរៀល ព្រមទាំងផ្តល់ថវិកាជួយមូលនិធិដើម្បីអភិវឌ្ឍន៍ឃុំត្រពាំងវែងចំនួន១២,០០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន២៦,៥៥០,០០០ រៀល៕