សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអនុញ្ញាតឱ្យលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងរដ្ឋមន្ត្រីការបរទេសរបស់លោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។

ក្រៅតែពីអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោហើយនោះ នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួមនៃភាគីទាំងពីរ ត្រូវបានរំពឹងថា នឹងលើកយកមកជជែកពិភាក្សានៅក្នុងជំនួបនេះ។

ប្រមុខការទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ក្នុងសារជូនពលរដ្ឋកម្ពុជាមុនដំណើរមកដល់របស់លោកកាលពីម្សិលមិញថា លោកទន្ទឹងរង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។

ក្នុងសារផ្ញើជូនពលរដ្ឋកម្ពុជានោះ  លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ផងដែរ។

ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ មកដល់ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់បានទទួលមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តណាមួយនៅឡើយនោះទេ។ ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អាចចាត់ទុកជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងកំលុងនៃវិបត្តិកូវីដ១៩នេះ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានចាត់ទុកជាដំណើរបំពេញទស្សនកិច្ចដ៏ពិសេស និងមានសារៈសំខាន់ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជាដំណើរទស្សនកិច្ចមួយជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

មុនការអញ្ជើញមកដល់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានចេញសារមួយផ្ញើជូនពលរដ្ឋកម្ពុជាផងដែរ។ នៅក្នុសារនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសរំលេចពីការរីកចម្រើន និងការវិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាច្រើនលើកហើយតែក្នុងតំណែង និងតួនាទីផ្សេង។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបាននាំមកជាមួយនូវនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។

ក្នុងសារជូនពលរដ្ឋកម្ពុជា លោក បានលើកឡើងថា បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង ២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន ២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន ២.៣ដង (ពី ១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក)។

លោកបន្តថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)៕