អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ពុំមានសញ្ញានៃវីរុសកូវីដ១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេលវែងកន្លងទៅនេះទេ


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះថា ស្ថានភាពនៃថ្ងៃឈប់សម្រាករយៈពេលវែងកន្លងទៅនេះ ដើម្បីសងថ្ងៃឈប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺពុំមានសញ្ញានៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជាឡើយ។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ៖ «នោះជារឿងល្អ ប៉ុន្តែទោះជាយ៉ាងនេះក្តី ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងជាប់ជានិច្ច ព្រមទាំងអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយសារតែវីរុសកូវីដ១៩នេះ មិនបានចេញឆ្ងាយពីប្រទេសកម្ពុជានៅឡើយទេ។ ក្នុងនោះតាមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីប្រព័ន្ធសុខាភិបាលរបស់យើង នៅតាមបណ្តារាជធានី-ខេត្ត ជាពិសេសនៅតាមរមណីយដ្ឋានទេសចរណ៍នានា យើងសង្កេតឃើញថា មិនទាន់រកឃើញហេតុការណ៍ចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យើងនៅឡើយទេ»។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពសុខភាព របស់អ្នកជំងឺកូវីដ១៩ ដែលកំពុងនៅសម្រាកព្យាបាលទាំង១០នាក់វិញ លោកជំទាវបានអះអាងថា ស្ថានភាពសុខភាពរបស់ពួកគាត់ គឺស្ថិតក្នុងភាពល្អប្រសើរ ដោយពុំមានអ្នកណាម្នាក់មានរោគសញ្ញាគួរឱ្យព្រួយបារម្ភនោះទេ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមអនុវត្តវិធានការការពារខ្លួន រួមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់ ដែលពុំបានឈប់សម្រាក ហើយត្រូវបំពេញការងារទៅតាមគោលដៅ ដើម្បីចាំជួយសម្របសម្រួល ណែនាំ និងអនុវត្តបទបញ្ជានានា ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាយថាហេតុណាមួយ នៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍។

គួររម្លឹកថា កម្ពុជាពុំមានករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ ចំនួនមួយសប្តាហ៍មកហើយ ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅសល់តែ ១០នាក់ប៉ុណ្ណោះ ក្នុងចំណោមករណីសរុបចំនួន ២៧៣នាក់ គិតចាប់តាំងពីរកឃើញករណីដំបូងកាលពីចុងខែមករា ឆ្នាំ២០២០កន្លងមក៕