លោកជំទាវ ម៉ែន សំអន អញ្ជើញ ជាអធិបតីក្នុងពិធីជួបសំណេះសំណាល ប្រកាសទទួលស្គាល់សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាអធិបតីក្នុងពិធីជួបសំណេះសំណាល ប្រកាសទទួលស្គាល់សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធម្មការ និងសាសនា និងអបអរសាទរទិវានារីអន្តរជាតិ ៨មិនា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេតគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាជូនដល់អង្គពិធីទាំងមូលផងដែរ។ លោកជំទាវបានបន្តទៀតថា អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ នារីត្រូវបាន បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយត្រូវរងនូវការមាក់ងាយពីបុរស និងសង្គម ដោយសារ កម្ពុជាបានឆ្លងកាត់នូវ សង្គ្រាមរាំរ៉ៃកាលពីអតីតកាល ។ ប៉ុន្តែ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងបាន ទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំងប្រទេស ជាពិសេស ជោគជ័យដ៍ធំធេងជាប្រវត្តិសាស្ត្រក្រោមការដឹកនាំ របស់សម្តេចតេជោ ដោុសម្រេចបានជូនជាតិ និងប្រជាជន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូច ធំ នៅទីក្រុង ទីប្រជុំជននានាទូទាំងប្រទេស។
បានលើកឡើងអំពីអានុសាសន៍ចំណុចទី ៥ របស់សម្តេចតេជោដែលបានថ្លែង កាលពីថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៧ នៅកោះពេជ្រថា៖ បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យឯកជន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច និងវិស័យនយោបាយ ព្រមទាំងជួយកែប្រែឥរិយាបទសង្គមដែលមានការរើសអើងស្រ្តី តាមរយៈការផ្តល់ការ គាំទ្រផ្នែកហិរញ្ញវត្ថុនិងស្មារតីពីសំណាក់ក្រុមគ្រួសារ បក្សនយោបាយ អង្គភាព ដើម្បីបង្ករឱកាសឲ្យស្រ្តីបានចូលរួម គ្រប់ដំណើរការអភិវឌ្ឍន៍សង្គមជាមួយបុសរ។
លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យ បានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិយើង។ រីឯបងប្អូនដែលជាតំណាងស្ត្រីទាំងអស់ ត្រូវចូលរួមអប់រំ បងប្អូនស្ត្រីឲ្យយល់ដឹងពីតម្លៃស្ដ្រី ទាំងក្នុងឆាកនយោបាយ និងនៅតាមបណ្ដាស្ថាប័នរដ្ឋនិងឯកជនផងដែរ។