នារសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យលោក បេនចាមីន ហ្នូឌល៊ (Benjamin Knoedler) ភារធារីស្តីទីស្ថានទូតអាឡឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
នៅក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា អាល្លឺម៉ង់ ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាភារធារីស្តីទីស្ថានទូតអាឡឺម៉ង់ របស់លោកបេនចាមីន ហ្នូឌល៊ (Benjamin Knoedler)នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់លោកបេនចាមីន ហ្នូឌល៊ (Benjamin Knoedler) នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។
ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋលេខាធិការ លោកប៊ែនចាមីន ក្លូឌល៊ (Benjamin Knoedler) ភារធារីស្ដីទី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពុជា និងអាល្លឺម៉ង់ ។
នៅក្នុងកិច្ចជំនួបពិភាក្សានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកប៊ែនចាមីន ក្លូឌល៊ (Benjamin Knoedler) ភារធារីស្ដីទី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា មានគោលបំណងដូចខាងក្រោម៖
១. រឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អលើគ្រប់វិស័យអាល្លឺម៉ង់-កម្ពុជា ដែលមានជាច្រើនឆ្នាំមកហើយ។
២. ជម្រុញឱ្យមានការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនា និង អង្គការវេទិការសន្តិភាពស៊ីវិល។ ដែលជាអង្គការមួយដែលទទួលការគាំទ្រដោយរដ្ឋាភិបាលអល្លឺម៉ង់។
៣. លើកសរសើរអំពីយុទ្ធសាស្ត្រទប់ស្កាត់ និងគ្រប់គ្រងជម្ញឺ covid -19 របស់រាជរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។