លោក ម៉ម សូណង់ដូ កោតសរសើរ និងអរគុណសម្តេចតេជោ ចំពោះការកសាងព្រំដែនច្បាស់លាស់ និងចាត់ទុកថា «សម្តេចមិនទាន់មាននរណាជំនួសបានទេ»


លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះផ្តល់យោបល់ បានថ្លែងអំណរគុណ និងកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការកសាងបន្ទាត់ព្រំដែន ច្បាស់លាស់ជាមួយប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ លោកបានប្រកាសជាឱឡារិកថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមិនទាន់មាននរណាអាចជំនួសបានទេ។

សម្តីកោតសរសើរដ៏ផ្អែមល្ហែមរបស់ អ្នកនយោបាយវ័យ៨០ឆ្នាំផ្លាយរូបនេះ បានបញ្ចេញនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលកិច្ចប្រជុំនេះ មានការចូលរួមរបស់តំណាងគណបក្សក្រៅរដ្ឋាភិបាលចំនួន១៦ ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ម សូណង់ដូ ដែលធ្លាប់ចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលជាមួយ លោក សម រង្ស៉ី និង លោក កឹម សុខា កាលពីឆ្នាំ២០១៣ និង២០១៤ បានមានមតិមួយចំនួន ដែលក្នុងនោះ លោកបានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះការខិតខំកសាងបន្ទាត់ព្រំដែន និងកសាងសន្តិភាពយូរអង្វែង ដែលគ្មានមេដឹកនាំណាអាចជំនួសបាន។

បញ្ជាក់បន្ថែមចំពោះការថ្លែងអំណរគុណ និងកោតសរសើរសម្តេចតេជោ, លោក ម៉ម សូណង់ដូ បានប្រាប់ Fresh News ឱ្យដឹងថា គោលនយោបាយងាកទៅចិន ក៏ជាការចូលរួមចំណែកការពារព្រំដែនកម្ពុជាផងដែរ។ លោកបញ្ជាក់ថា៖ «ខ្ញុំមិននឹកស្មានថា សម្តេចបានកសាងព្រំដែនខ្មែរ-យួន ហ៊ានប្តូរពីយួនទៅយកចិន ការពារព្រំដែនដោយចងមិត្តភាពជាមួយគ្នា ត្រង់នេះខ្ញុំកោតសរសើរ ខ្ញុំក៏សប្បាយចិត្ត យ៉ាងហោចណាស់ យើងមានដី១ដុំ នៅសម្រាប់កូនចៅខ្មែរទៅថ្ងៃខាងមុខ»

នៅអាណត្តិចុងក្រោយនេះ លោកម៉ម សូណង់ដូ បានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យមួយចំនួន ពិសេសលើកិច្ចការងារព្រំដែន។ លោកអះអាងថា មេដឹកនាំជំនាន់មុន តាំងពីអតីតព្រះមហាក្សត្រ បន្តមកលន់ នល់ ហើយប៉ុលពត ដឹកនាំប្រទេសពុំបានល្អដូចសម្តេចឡើយ។

លោកបញ្ជាក់បន្ថែមថា៖ «យើងដឹងអំពីប្រវត្តិសាស្រ្តទាក់ទងទៅនឹងអ្នកដឹកនាំ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មកឧត្តមសេនីយ៍ លន់ នល់ មកប៉ុល ពត រហូតមកដល់សព្វថ្ងៃ យើងឃើញថា សម្តេចជាមេដឹកនាំមួយដ៏ឆ្នើម យើងមានសន្តិភាព ហើយសន្តិភាពនេះខ្លាំងមានប្រយោជន៍ដល់ ប្រទេសជាតិ»។

លោកបញ្ជាក់ដូច្នេះទៀតថា៖ «រហូតមកដល់សម្តេចតេជោ ខ្ញុំឃើញស្រុកយើងមានការអភិវឌ្ឍ ពីមុនខ្ញុំធ្លាប់គិតថា “ប្រទេសខ្មែរហ្នឹងយួនយក ហើយ សម្តេចជាអាយ៉ងយួន ។ល។” ហើយលែងទៅជាអាយ៉ងយួន ខ្មែរមានកិត្តិយសពេញមុខពេញមាត់វិញ ដើម្បីទំនាក់ទំនងនឹង ប្រទេសផ្សេងៗទៀត ហើយយើងឃើញហើយថា រឿងយួននេះយើងមិនអាចនិយាយថា សម្តេចជាអាយ៉ងយួន ឬយួនជាចៅហ្វាយខ្មែរទៀតទេ ហើយល្គឹកណាដែល សម្តេចតេជោ កសាងព្រំដែនជាមួយយួនហើយ ឈោងទៅចាប់ដៃជាមួយចិន ត្រង់ហ្នឹងហើយ ធ្វើឱ្យខ្ញុំមានការកក់ក្តៅណាស់»

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព និងសម្បូរសប្បាយ ជាមួយនឹងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក។ ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា- វៀតណាម រហូតមកដល់ពេលនេះ បានសម្រេចប្រមាណ៨៤ភាគរយហើយ ដោយភាគីទាំងពីរ បានប្តេជ្ញា បន្តរៀបចំកំណត់ព្រំដែន ដែលសេសសល់ថែមទៀត។

ជាមួយនឹងសមិទ្ធផលនៃការបោះបង្គោលព្រំដែននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។

ដោយឡែក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្ពុជា និងវៀតណាម ក៏បានរៀបចំពិធីប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល ដែលងាយស្រួល ក្នុងការមើលបន្ទាត់ព្រំដែនផងដែរ។

ទោះជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ បានចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែនជាថ្មី នៅខេត្តត្បូងឃ្មុំ។ លោកទាំងពីរក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការ សម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចោទប្រកាន់ លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិផងដែរ។

សម្រាប់លោក ម៉ម សូណង់ដូ, បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាមនេះ មានតែដោះស្រាយ ដោយសន្តិវិធីតែប៉ុណ្ណោះ ដោយមិនអាចដោះស្រាយដោយអំពើហិង្សាបានទេ។ លោកជឿជាក់ថា បើសិនជាបង្កហិង្សានៅតាមព្រំដែន អ្នកដែលគ្រោះថ្នាក់ គឺប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនតែប៉ុណ្ណោះ៕