ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី


ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៦ ខែសីហានេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។

ជាមួយគ្នានេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។

អ្នកជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើដំណើរមកពី ប្រទេសអារ៉ាប់ ដោយឆ្លងកាត់ម៉ាឡេស៊ី តាមជើងហោះហើរត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ (ស្រី៥៤នាក់ និងបុរស២១០នាក់) និង អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៩នាក់៕