គណៈកម្មាធិការបច្ចេកទេសក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំដោះស្រាយសំណួរ និងសំណូមពរប្រជាពលរដ្ឋ


នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសរបស់ខ្លួន ដើម្បីត្រួតពិនិត្យរាល់សំណួរ និងសំណូមពរដែលបានលើកឡើងដោយអ្នកចូលរួមនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីអណត្តិទី៣ ឆ្នាំ២០១៩ ដែលនៅសេសសល់ចំនួន២២២សំណួរ និងសំណូមពរ។ កិច្ចប្រជុំនោះដែរស្ថិតនៅក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

ឯកឧត្តម ង៉ាន់ ភិរុណ ប្រធានដឹកនាំអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនេះគ្រោងនឹងពិភាក្សាដោះស្រាយលើចំនួន ៦៤សំណួរ-សំណូមពរ និងតាមដានលើ៨០សំណួរ-សំណូមពរបន្ថែមទៀត ដែលអាចនិយាយបានថា ការធ្វើបច្ចុប្បន្នភាពនៃដំណោះស្រាយតាមរយៈនៃកិច្ចប្រជុំនេះ សំណួរនិងសំណូមពរសរុបចំនួន២២២នោះ គឺនឹងនៅសល់តែ៧៨សំណួរ-សំណូមពរប៉ុណ្ណោះ សម្រាប់កិច្ចប្រជុំដោះស្រាយលើកក្រោយទៀតរបស់គណៈកម្មាធិការបច្ចេកទេសក្រុមប្រឹក្សាខេត្តសៀមរាប។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ តាមរយៈនៃជម្រើសជាអាទិភាពនូវសំណួរ និងសំណូមពរដែលត្រូវបានលើកយកមកពិភាក្សា រកដំណោះស្រាយ ក្នុងនោះគឺ៖ ទី១-ទាក់ទងទៅនឹងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ ទី២-គឺការផ្តោតទៅលើដំណោះស្រាយណាដែលមានឧត្តមភាពលើការងារអភិវឌ្ឍន៍មូលដ្ឋាន។

អ្នកចូលរួមក្នុងកិច្ចប្រជុំនោះ មានអាជ្ញាធរក្រុង-ស្រុកទាំង១២ មន្រ្តីស្ថាប័នជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងនោះជាការកត់សម្គាល់ គឺមានវត្តមានមន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិអប្សរា ផងដែរ៕