មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ចុះពិនិត្យស្ថានភាពដំណាំស្រូវ និងការប្រមូលផលនៅស្រុកពួក


ថ្ងៃអង្គា​ រ៧កើត​ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការប្រមូលផលស្រូវស្រាលដើមរដូវ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ដោយឆ្នាំនេះទឹកភ្លៀងបានធ្លាក់នៅដើមរដូវ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់ និង ទាន់រដូវទៀតផង។ ចំពោះស្ថានភាព ទឹកភ្លៀង បានធ្លាក់ស្រោចស្រពជាមធ្យមនៅគ្រប់តំបន់ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាកសិករយើង មានការមមាញឹកលើការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០នេះ ។​ ក្នុងស្ថានភាពមានភ្លៀងធ្លាក់បានជោគជាំនៅតាមបណ្តាស្រុកមួយចំនួននៅខេត្តសៀមរាប បងប្អូនប្រជាកសិករយើង ក៏មានភាពមមាញឹកក្នុងការភ្ជួររាស់ដី ធ្វើការសាបព្រោះគ្រាប់ស្រូវ ដើមី្បឲ្យបានទាន់រដូវ ដែលបានកំពុងមានទឹកភ្លៀងធ្លាក់នេះផងដែរ ។
យោងតាមរបាយការណ៍​ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាពការងារបង្កបង្កើនផល​ ក្នុងរដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប​ ២៥ ៥៥៥ហិកតា ស្មើនឹង​ ១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន​ ៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន​ ១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន​ ៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន​ ១ ៧៥០ហិកតា។ គិតត្រឹមថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ នេះនៅទូទាំងខេត្តសៀមរាប ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ធ្វើបានសរុបចំនួន​ ១៨៩ ៣០០ហិកតាស្មើ នឹង ១០១,៤៧%​ នៃផែនការ​ ១៨៦ ៥៦០ហិកតា៕