រដ្ឋបាលរាជធានីភ្នំពេញ កោះអញ្ជើញមន្ត្រីសង្កាត់ទាំង១០៥ ប្រជុំត្រួតពិនិត្យការងារវិនិយោគលើវិស័យសេវាសង្គម ដើម្បីជំរុញ និងពង្រឹងឱ្យកាន់តែប្រសើរឡើង


ដើម្បីជំរុញ និងពង្រឹងការបង្កើតការវិនិយោគលើវិស័យសេវាសង្គមដល់សង្កាត់ទូទាំងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំថ្នាក់មូលដ្ឋានសង្កាត់ទាំង១០៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារវិនិយោគលើវិស័យសេវាសង្គមឆ្នាំ២០២០ នៃរដ្ឋបាលសង្កាត់ទូទាំងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ ឃួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានី និងជាប្រធានអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារព្រមទាំង មន្ត្រីថ្នាក់សង្កាត់ ជាច្រើនរយនាក់ទៀត។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការងារវិនិយោគលើវិស័យសេវាសង្គមនេះ គឺជាការងារដែលមានលក្ខណៈសំខាន់។ យើងដឹងហើយថា ប្រទេសមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានអាហារហូបចុកគ្រប់គ្រាន់ទន្ទឹមនឹងមានអាហារហូបគ្រប់គ្រាន់ហើយនោះ ប្រជាពលរដ្ឋត្រូវការជីវភាពធូរធារមួយកម្រិតថែមទៀត។ ដូច្នេះតួនាទីនៃការលើកកម្ពស់សេវាសង្គម ដល់រដ្ឋបាលសង្កាត់ទូទាំងរាជធានីនេះ គឺធ្វើយ៉ាងណាកុំឱ្យគម្លាតរវាងអ្នកក្រនិងអ្នកមាននៅឆ្ងាយពីគ្នាខ្លាំងពេក។ រដ្ឋាភិបាលបង្កើតឱ្យមានការងារនេះឡើង គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រដោយប្រើប្រាស់ថវិកាអភិវឌ្ឍសង្កាត់ ចំនួន២០%។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានស្នើទៅដល់មន្ត្រីសង្កាត់នៅទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបម្រើសេវានេះឱ្យបានល្អប្រសើរ បើទោះបីការងារសង្កាត់ឃើញថា ច្រើនហើយក្តី។

ក្រៅពីការស្នើឡើងខាងលើនេះ ឯកឧត្តម នួន ផារ័ត្ន ក៏បានលើកឡើងពីជំងឺកូវីដ-១៩ ផងដែរ ដោយលោកបានស្នើទៅគ្រប់សង្កាត់ទាំងអស់ដែលបានចូលរួមត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការបង្ការនូវការឆ្លងកូវីដ–១៩ ខណៈដែរ នៅប្រទេសកម្ពុជា ជំងឺនេះមិនទាន់បានរាលដាលទៅដល់សហគមន៍នៅឡើយ។

លោកជំទាវ ឃួន គឹមនី បានលើកឡើងផងដែរថា គោលបំណងដែលបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺដើម្បីជំរុញ និងពង្រឹងរដ្ឋបាលសង្កាត់បង្កើនការវិនិយោគលើវិស័យសេវាសង្គមឱ្យបានគ្រប់សង្កាត់ទូទាំងរាជធានី ក្នុងការបង្កើនសមាមាត្រឱ្យបាន ២០% លើថវិកាអភិវឌ្ឍន៍សង្កាត់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថា កាលពីឆ្នាំ២០១៩ ដោយអ្នកទទួលបន្ទុកកិច្ចការនារី និងកុមាររាជធានី ពិនិត្យឃើញកញ្ចប់ថវិកាសេវាសង្គមរបស់រដ្ឋបាលសង្កាត់ចាប់ពីអាណត្តិទី១ ឆ្នាំ២០០២ រហូតដល់អាណត្តិទី៤ ក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាសង្កាត់បានប្រើប្រាស់ថវិកា៤លានរៀល ក្នុងមួយឆ្នាំ ដែលថវិកានេះ ឆ្លើយតបបានតិចតួចទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងដោយយោងតាមស្មារតីសិក្ខាសាលាដៃគូរវាងអង្គកា UNICEF-SIDA និងរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីអភិបាលកិច្ចមូលដ្ឋាន ដើម្បីផ្ដល់សេវាសង្គម និងកិច្ចគាំពារសង្គមសម្រាប់កុមារ និងស្ត្រីដែលងាយរងគ្រោះនៅកម្ពុជា ព្រមទាំងបានទទួលការគាំទ្រថវិកា ពីក្រសួងមហាផ្ទៃ ក្រោមគម្រោងលើកកម្ពស់សេវាសង្គមរាជធានី កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៩ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមាររាជធានី បានរៀបចំប្រជុំជាមួយសង្កាត់ ទូទាំងរាជធានី ដើម្បីណែនាំ និងជំរុញដល់សង្កាត់បង្កើនការវិនិយោគលើសេវាសង្គមក្នុងសមាមាត្រ២០% លើថវិកាអភិវឌ្ឍន៍សង្កាត់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕