ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យល្ខោនខ្មែរ និងប្រកួតកីឡាយុវជន នៅភូមិវិហារសួគ៌


នាព្រឹកថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យល្ខោនខ្មែរ​ និងប្រកួតកីឡាយុវជន នៅភូមិវិហារសួគ៌​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ។ សមាសភាពអញ្ជើញចូលរួម​មាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​​ អភិបាលខេត្តរង​ ឯកឧត្តម​ លោកឧកញ៉ា​ប្រធានក្រុមហ៊ុន​ 7NG SKYLAND ប្រធានក្រុមហ៊ុនក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ មន្ត្រីសាលាស្រុក​ សិស្សានុសិស្ស​ យុវជនកាយរឹទ្ធ​ កាកបាទក្រហម​ សភាពសហព័ន្ធយុវជនស្រុក​ ក្រុមចលនាយុវជនកម្ពុជា​១៥៧​ សាខាខេត្តកណ្តាល​ យាយជី​ តាជី​ កីឡាករ​ កីឡាការិនី​ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១ ២៨០​ នាក់។​

មានមតិសំណេះសំណាលក្នុងឱកាសនេាះ ឯកឧត្តម បានកោតសរសើរពីការអភិវឌ្ឍរីកចម្រើនទាំងផ្នែករឹង​ និងផ្នែកទន់របស់ខេត្តកណ្តាល ​និយាយជារួម​ និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកខ្សាច់កណ្តាល​ និយាយដោយឡែក​ ជាពិសេសការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន​ 7NG SKYLAND ក្នុងឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ដែលកំពុងផ្តល់ការងារជូនប្រជាពលរដ្ឋបានប្រមាណ​ ២០​ ០០០​ នាក់។​
ឯកឧត្តម​ បានអំពាវនាវដល់យុវជន​ និងប្រជាពលរដ្ឋ ចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា​ និងជៀសវាងអោយឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខនានា​ ដែលសង្គមមិនឲ្យតម្លៃ។