សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចូលរួមសម្ពោធសមិទ្ធផលនានា នៅវត្តសុវណ្ណមុនីសាគរ


Say Chhum 28 01 16 2

     ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ ២០១៦ សមេ្តច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល​នានា ក្នុង​វត្ត​សុវណ្ណ​មុនី​សាគរ (ហៅ​វត្ត​សំរោង​អណ្តែត) ។ អញ្ជើញ​ចូល​រួម​នា​ឱកាស​នោះ​រួម​មាន សមា​ជិក សមា​ជិកា​ព្រឹទ្ធ​សភា ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ ថា្នក់​ដឹនាំ​នៃ​អគ្គ​លេខា​ដ្ឋាន​ព្រឹទ្ធ​សភា សាលា​រាជ​ធានី សាលា​ខណ្ឌ​ទាំង​១២ សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស និង​ប្រជា​ពលរដ្ឋ យុវជន យុវនារី ប្រមាណ​ជាង ៣០០០​នាក់ ។

     បន្ទាប់​ពី​កាត់​ខ្សែ​បូរ សមិទ្ធ​ផល​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដែល​រួម​មានៈ សាលា​កាន់​បិណ្ឌ កុដិថ្មី  ស្រះ​គូស្រី​មាន​ជ័យ ស្រះ​គូ​ប្រុស​មាន​ជ័យ  ខ្លោង​ទ្វារ​ធំ​ចំនួន​២  ខ្លោង​ទ្វារ​តូច ចំនួន​៣  សួន​ច្បារ  ស្ពាន​ឈើ  ស្ពាន​មាស  ស្ពាន​ប្រាក់ និង​អាង​ស្តុក​ទឹក ​សម្រាប់​ស្រង់​ទឹក​ព្រះ​ពេល​ចូល​ឆ្នាំ​ថ្មី…។

     ក្រោយ​ពី​បាន​ស្តាប់​របាយ​ការណ៍​របស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស អំពី​ប្រវត្តិ​នៃ​ការ​កកើត​វត្ត​សំរោង​អណ្តែត និង​សមិទ្ធ​ផល​យ៉ាង​ច្រើន​ក្នុង​វត្ត​កន្លង​មក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​បាន​ផ្តល់​កិត្តិ​យស​មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​អង្គ​ពិធី ដោយ​បាន​លើក​សរសើរ​អំពី​ការ​រីក​ចំរើន​ខាង​វិស័យ ព្រះ​ពុទ្ធ​សាស​នា ក្រោម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រួ​ចៅ​អធិការ​វត្ត គណៈ​កម្មការ​អាចារ្យ​វត្ត​គ្រប់​ជំនាន់ ពិសេស​ក្នុង​ជំនាន់​ដែល ព្រះ​សាក្យ​វង្ស​គតិ​បណ្ឌិត រ័ត្ន សា​រឿន ទទួល​ជា​ព្រះ​ចៅ​អធិការ រួម​ទាំង​ការ​ចូល​រួម​របស់​ពុទ្ធ​បរិស័ទ ចំណុះ​ជើង​វត្ត​ជិត​ឆ្ងាយ ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ ដែល​បង្ហាញ​ពី​ស្មារតី​ចែក​រំលែក​ សាមគ្គី​ជួយ​គ្នា ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​តម្កើង វិស័យ​ព្រះ​ពុទ្ធ​សាស​នា ដែល​ជា​សាស​នា​របស់​រដ្ឋ ។

     ក្នុង​ឱកាស​ដ៏​មហា​ឡាឫក​នោះ​ដែរ សម្តេច​ភក្តី បាន​ផ្តល់​កិត្តិយស​បំពាក់​ជូន​នូវ​គ្រឿង​ឥស្ស​រិយ​យស “ជា​តូប​ការ” ប្រគេន​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត និង​គ្រឿង​ឥស្ស​រិយ​យស​ផ្សេងៗ​ទៀត ជូន​ដល់​សប្បុរស​ជន និង​អ្នក​មាន​ស្នាដៃ ក្នុង​ការងារ​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត និង​ចំពោះ​ប្រទេស​ជាតិ សរុប​ចំនួន ២៦​រួប ផង​ដែរ ។

     នៅ​ទីបញ្ចប់ សម្តេច​ភក្តី បាន​នាំ​នូវ​បច្ច័យ​របស់​ព្រឹទ្ធ​សភា ចំនួន ២០​លាន​រៀល សំរាប់​រួម​ចំណែក​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត​បន្ត​ទៀត និង​នាំ​នូវ​បច្ច័យ​របស់​សប្បុរស​ជន​ចំនួន ៨០​លាន​រៀល ដែល​ក្នុង​នោះ ៦០​លាន​រៀល សំរាប់​ការ​កសាង​ក្នុង​វត្ត និង ២០​លាន​រៀល សំរាប់​ឧបត្ថម្ភ​ការ​រៀប​ចំ​ពិធី​នា​ពេល​នោះ ៕

Say Chhum 28 01 16 3 Say Chhum 28 01 16 4

Say Chhum 28 01 16 5 Say Chhum 28 01 16 6

Say Chhum 28 01 16 7 Say Chhum 28 01 16 8