ឯកអគ្គរដ្ឋទូតអាម៉េរិក លោក William Heidt បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានសន្យាថា នឹងធ្វើអ្វីដែលបានលើក ឡើងរវាងសម្តេចជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នាពេលថ្មីៗកន្លងមកនេះ នឹងក្លាយជាប្រយោជន៍សម្រាប់ប្រទេសទាំង២ ។
ជំនួបរវាងសម្តេច និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry នាពេលថ្មីៗនេះ គឺរួមមានសំណើរបស់សម្តេចទៅរដ្ឋាភិបាលអាមេរិក ដើម្បីបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា អោយបានទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ ឱ្យកាន់តែងាយស្រួលនាំចេញនូវផលិតផលពីកម្ពុជា ចេញទៅទីផ្សារអាមេរិក ។ ឯកអគ្គរដ្ឋទូតអាមេរិក លោក William Heidt បានជំរាបសម្តេចអំពីជំនួយរបស់អាម៉េរិក ចំពោះកម្ពុជា ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស… ការផ្តល់សម្ភារៈសម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយជាដើម ។
លោក William Heidt គឺជាអតីតមន្ត្រីបម្រើការងារទូត ក្នុងប្រទេសកម្ពុជាកាលពីទសវត្ស ១៩៩០។ លោកបានថ្លែងថា លោកភ្ញាក់ផ្អើលនឹងការរីកចម្រើនរបស់កម្ពុជា បើប្រៀបធៀបពីអតីតកាលដែលលោកបានធ្លាប់ឃើញកន្លងមកនេះ។ លោកបានថ្លែង និងវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច… អប់រំ… ការកាត់បន្ថយភាពក្រីក្រ… ជាពិសេសការរីកចម្រើននៃជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។
សម្តេចតេជោសែន បានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះ លោក William Heidt ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាម៉េរិក និងបានអរគុណចំពោះ លោក វីលៀម ដែលបានវាយតម្លៃចំពោះ ផលវិជ្ជមាននៃការរីកចម្រើនរបស់កម្ពុជានាពេលនេះផងដែរ ។
នៅថ្ងៃនេះ សម្តេចតេជោសែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា លោក ហ៊ីដាល់ហ្គោ ហ្កាតូ ប៉េរ៉េ…និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម George Edgar ចូលជួបសម្តែងការគួរសមផងដែរ ។