អាជ្ញាធរខេត្តកំពង់ចាម ធ្វើវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្ត ធ្វើឡើងដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ក្នុងពេលធ្វើវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ២០២១-២០២៣ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគខេត្ត មានចំនួន៤៨៧ គម្រោងសំណើរគម្រោងវិនិយោគក្រុងស្រុកមានចំនួន ៨០៤គម្រោង និងសំណើគម្រោងវិនិយោគឃុំ-សង្កាត់មានចំនួន ៤,០៥៨ គម្រោង សរុបចំនួន ៥,៣៤៩គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១។ ដូចច្នេះទាមទារឲ្យមានការចូលរួម គាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន។

ការរៀបចំវេទិការពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត ពេលនេះគឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្រប សម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានាដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយសុក្រឹតភាព។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គោលបំណងសំខាន់នាថ្ងៃនេះគឺ៖

*ទី១៖ ផ្សព្វផ្សាយជាសាធារណៈអំពីដំណើរការ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ/សង្កាត់ សម្រាប់ឆ្នាំ២០២១-២០២៣។
*ទី២៖ ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីមានមូលនិធិគ្រប់ គ្រាន់ក្នុងកិច្ច អភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
*ទី៣៖ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់៕