ឯកឧត្តម ឯម ច័ន្ទមករា៖ រាជរដ្ឋាភិបាលកំពុងជំរុញឲ្យ ជនមានពិការភាព និងក្រុមគ្រួសារ នឹងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គម


(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ បានលើកឡើងថា ឈរលើស្មារតីនៃការទទួលខុសត្រូវខ្ពស់ សម្រាប់ជនមានពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យគឺ ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាព គ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុង គ្រប់វិស័យនិងការអភិវឌ្ឍ។

ឯកឧត្តមបានបន្តថា ផ្នត់គំនិតនៅក្នុងសង្គមជាទូទៅតែងមានជំនឿឬយល់ឃើញថា ជនមានពិការភាព គឺជាមនុស្ស អពមង្គលឬជាមនុស្សដែលបានសាងបាបកម្មពីជាតិមុន ដែលធ្វើឲ្យជនមានពិការ ភាពទទួលរងការរើសអើង ស្ទើរតែពុំហ៊ានចេញពីផ្ទះឬចូលរួមក្នុងសកម្មភាពសង្គម។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ បានលើកឡើងក្នុងឱកាស ដែលលោកចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ រៀបចំធ្វើនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

បន្ថែមពីលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ផ្អែកលើចក្ខុវិស័យខាងលើនិងឈរលើមូលដ្ឋានការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យនិងផែនទី ដើម្បីបន្តជំរុញសង្គមមួយឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គរារាំងនានាដល់ជនមានពិការភាព ស្របតាមពាក្យស្លោកសកល “ធ្វើឲ្យសិទ្ធិក្លាយជាការពិត។

ឯកឧត្តម បន្តថា ដើម្បីធានានូវស័ក្តិសិទ្ធិភាពលើឯកសារដ៏មានសារៈសំខាន់នេះ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ត្រូវបានរៀបចំឡើងនិងសម្របសម្រួលដោយក្រុមប្រឹក្សាសកម្មភាពជនពិការ និងមាន ការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គម ស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា ជាពិសេសជនមានពិការភាព។

ជាមួយគ្នានោះ ឯកឧត្តម សយ សុខា ប្រធានក្រុមការងារសកម្មភាពជនពិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិរបស់ជន មានពិការភាពក៏ត្រូវបានការពារ ដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាពការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាពនិងមិនមានពិការភាព។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល មានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមទាំងបង្កើតនូវយុទ្ធនាការ ប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឱ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ ដែលបានអនុម័តប្រកាសឱ្យប្រើតាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩៕