រដ្ឋមន្ត្រីកសិកម្ម បន្តចុះចែកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារសម្រាប់ចិញ្ចឹម ដល់កសិករនៅខេត្តប៉ៃលិន


រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត ចែកជូនកសិករចំនួន៥៨គ្រួសារនៅភូមិអូរកន្ធៀងរ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា នៅខេត្តប៉ៃលិន មានបណ្តុំកសិករចិញ្ចឹមកង្កែបចំនួន ១២កន្លែង (២៧០គ្រួសារ) មានបណ្តុំកសិករចិញ្ចឹមត្រី ០៥កន្លែង (៨៦គ្រួសារ) អាចផលិតត្រីបាន១២តោន/វគ្គ (១វគ្គមាន៣ខែ) មានកន្លែងបង្កាត់ និងភ្ញាស់កូនកង្កែប ១០កន្លែង (ផលិតបាន៣ម៉ឺនកូនគិតមកដល់ថ្ងៃនេះ)។

ឯកឧត្តមបន្តថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានផ្តល់លទ្ធភាពដល់កសិករទទួលផល (ចិញ្ចឹមត្រី និងកង្កែប) សរុបចំនួន៤៦៨គ្រួសារ ក្នុងនោះស្រ្តី២០២គ្រួសារ ដោយរៀបចំចងក្រងជាក្រុមបណ្តុំអាជីវកម្មត្រី និងកង្កែបចំនួន១៧បណ្តុំ។ ដោយទទួលការបណ្តុះបណ្តាលបច្ចេកទេស ពីមន្ត្រីជំនាញមានកសិករចំនួន ៥គ្រួសារ កំពុងដំណើរការចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ ដែលពីមុនៗមកមិនធ្លាប់មានឡើយនៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងទទួលបានជោគជ័យ ក្នុងការងារបង្កបង្កើនផល។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំជំរុញចលនាអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើន ក្នុងនោះក៏មានអនុវិស័យវារីវប្បកម្ម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកំពស់ផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន និងជាពិសេសរក្សាបាននូវស្ថានភាពជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក មិនតែប៉ុណ្ណោះ សម្តេចតេជោក៏បានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។

ភ្ជាប់ទៅនឹងការឧបត្ថម្ភកូនត្រី-កូនកង្កែបនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារតាមគ្រប់រូបភាព។ ត្រូវធ្វើការតាម ដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពនេះរីកដុះដាលល្អ និងទទួលបានផលជាបន្តបន្ទាប់។

ឯកឧត្តមបានណែនាំឲ្យមន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយបណ្តុះ បណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ ត្រូវចងក្រងបណ្តុះអាជីវកម្មព្រោះវាមានប្រយោជន៍ ក្នុងការ ចូលរួមគ្នាជាកំលាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ាអំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។

សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៣៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គីឡូក្រាម និងតង់១ កសិករចិញ្ចឹមកង្កែប ២៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គីឡូក្រាម និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់ និងកសិករផលិតកូនត្រីពូជចំនួន១គ្រួសារផងដែរ។

សូមជម្រាបជូនថាគិតមកដល់ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកចែកកូនត្រី កូនកង្កែប និងសម្ភារចិញ្ចឹម បានចំនួន ៧ខេត្ត គឺខេត្តមណ្ឌលគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន ក្នុងចំណោមខេត្តគោលដៅចំនួន១១ (មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ) ដោយឡែកខេត្តរតនគីរី ប្រតិភូរាជរដ្ឋាភិបាលជលផល បានអញ្ជើញចុះចែក ជាតំណាង។

តាមកម្មវិធីដូចបានគ្រោងទុក នៅសប្តាហ៍ក្រោយ លោករដ្ឋមន្រ្តីនឹងអញ្ជើញទៅខេត្តត្បូងឃ្មុំ កណ្តាល និងខេត្តព្រះសីហនុ ជាបន្តបន្ទាប់។

គិតមកទល់ថ្ងៃនេះ ខេត្តគោលដៅចំនួន ៨ មានគ្រួសារកសិករចំនួន ៥៦៣គ្រួសារ (២១៥គ្រួសារទទួលបានតង់ចិញ្ចឹមកង្កែប និង៣៤៨គ្រួសារទទួលបានតង់ចិញ្ចឹមត្រីអណ្តែង) កូនត្រីអណ្តែងចំនួន ១៦ ៨ ៧០០ក្បាល កូនកង្កែបចំនួន ៧២ ៤០០ក្បាល ចំណីកង្កែបជាង ២១តោន ចំណីត្រីជាង ៣៨តោន វីតាមីន ១ ២៣៦កញ្ចប់ ត្រូវបានចែកជូនកសិករ៕