សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន ទទួលបាន គឺក្រុមការងារនេះ មានសមាសភាពចំនួន១៧រូប ដែលមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ ជាប្រធាន, នាយឧត្តមនសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រប់មិនទាន់ផ្ទុះ ជាអនុប្រធាន និងសមាជិក១៤រូបទៀត។
បើតាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា៖
* ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាលអំពីប្រវត្តិនៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំជាតំបន់មានហានិភ័យដែលត្រូវហាមឃាត់ការចេញចូលតំបន់នោះ។
* សម្របសម្រួលស្នើសុំកងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារនៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ។
* ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
* សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីក្នុងនាវាដែលបានលិច។
* បំពេញការងារផ្សេងៗទៀត តាមការចាំបាច់។
បន្ថែមពីនេះ ក្នុងប្រតិបត្តិការងាររបស់ខ្លួន ក្រុមការងារត្រូវធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមរំលឹកថា នៅចំណុចកប៉ាល់លិចដូចខាងលើ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ មុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទមានដូចជា៖ គ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖