ប្រកាសសមាសភាពគណៈរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក-ក្រុង ឃុំ-សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


រណសិរ្សសាមគ្គី បានអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាអង្គការសាមគ្គីភាពមហាជនប្រជានជនដ៏ទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ជាតិសាសនា វណ្ណៈ និងនិន្នាការនយោបាយ ប្រមូលផ្តុំកម្លាំងស្នេហាជាតិស្រលាញ់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាពស្ម័គ្រចិត្ត ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចនូវការកាត់បន្ថយភាពក្រីក្រ ដើម្បីភាពសុខដុមរមនា និងសុភមង្គលជូនប្រជាជនកម្ពុជា។

នេះបើតាមឯកឧត្តម ប្លែក វ៉ារី អនុប្រធានបក្សខេត្ត និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងពិធីប្រកាសសមាសភាពគណៈរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក-ក្រុង ឃុំ-សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ដែលធ្វើឡើងនៅសាលាប្រជុំ គណបក្សខេត្តនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តមបានបញ្ជាក់ថា ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានកំណត់យ៉ាងច្បាស់ថាក្នុងកាលៈទេសៈដែលប្រជាជនកំពុងស្ថិតក្នុងគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លើមូលដ្ឋានបង្រួបបង្រួមចលនាស្នេហាជាតិនានា អនុវត្តគោលការណ៍១១ខ របស់រណសិរ្ស ដើម្បីប្រមូលផ្ដុំគ្រប់កន្លែងកម្លាំងសង្គមទាំងក្នុង និងក្រៅប្រទេសរួមសាមគ្គីជាធ្លុងមួយ ក្រោកវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ឲ្យរលាយទាំងស្រុង ហើយទទួលបានជ័យជំនះយ៉ាងធំធេងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តមបញ្ជាក់ទៀតថា «រណសិរ្សបានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើបុព្វហេតុសាមគ្គីភាព ឯកភាពជាតិ កសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជា «បុព្វការី» ពុំអាចបំភ្លេចបានសមនិងពាក្យស្លោកថា មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីដូចសព្វថ្ងៃនេះ»។

ឯកឧត្តមបានបន្ថែមថា ដើម្បីបំពេញតម្រូវការចាំបាច់ និងការអភិវឌ្ឍផ្សេងៗ នាពេលបច្ចុប្បន្ននេះក្រុមប្រឹក្សាជាតិរណសិរ្សគណៈកម្មាធិការរណសិរ្ស បណ្ដាក្រសួង-ស្ថាប័នរាជធានី-ខេត្តក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងសមាជិកសមាជិការរណសិរ្សគ្រប់រូប បានយកចិត្តទុក្ខដាក់អស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី បំពេញភារកិច្ចតាមតួនាទីកំណត់មានការចុះជាប់នៅមូលដ្ឋាន ធ្វើការងារចលនាមហា ជនប្រជាជនគ្រប់សមាសភាពសង្គមគ្រប់វ័យគ្រប់ជំនឿសាសនា។

ផ្ដើមចេញពីទិសដៅការងារ និងអនុសាសន៍ដ៏មានសារៈសំខាន់របស់អ្នកដឹកនាំ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ទើបសកម្មភាពទាំងឡាយត្រូវបានចាត់តាំងអនុវត្ត និងទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការចុះជាប់ជាប្រចាំ ដើម្បីឃោសនាអប់រំដល់មហាជន ប្រជាជនយល់ដឹងកាន់តែស៊ីជម្រៅ ពីគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រណសិរ្ស២ធ្នូ និងថ្ងៃមហាជ័យជំនះ៧មករា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃកម្ពុជា ទើបសម្រេចបានសមិទិ្ធផលរីកដុះដាល់គ្រប់ទីកន្លែង មិនថាទីក្រុង ឬជនបទឡើយ៕