ឯកឧត្តមបណ្ឌិត សុខ ទូច៖ ប្រការ ៨យ៉ាង ធ្វើឱ្យភ្ញៀវទេសចរទាំងមក និងទៅវិញ ពោរពេញដោយស្នាមញញឹម


ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មានគន្លឹះសំខាន់ចំនួន៨ចំណុច ដែលធ្វើឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា និងត្រឡប់ទៅវិញពោរពេញដោយស្នាមញញឹម។ លោក សុខ ទូច បន្ថែមថា ការធ្វើឱ្យអ្នកទេសចររក្សាបានស្នាមញញឹមទាំងមក និងទៅវិញនេះ ក៏អាចឱ្យគេជួយធ្វើជាទីភ្នាក់ងារទេសចរណ៍ឱ្យកម្ពុជាថែមទៀតផង។

គន្លឹះទាំង៨ចំណុច ដែល ឯកឧត្តម សុខ ទូច រំលេចតាមទំព័រ Facebook នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ រួមមាន៖

* ទី១៖ ចំណីអាហារត្រូវប្រកបដោយគុណភាព ជាតិគីមីមានក្នុងកម្រិតទាបបំផុត

* ទី២៖ ត្រូវមានផលិតផលក្នុងស្រុកមានលក្ខណៈពិសេស ដើម្បីឱ្យគេយួរចេញទៅវិញ

* ទី៣៖ ភ្នាក់ងារទេសចរណ៍ត្រូវតែយល់ច្បាស់ពីវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះភាសារបស់ជនជាតិ ដែលខ្លួនដឹកនាំនោះ ហើយក៏ត្រូវមានសីលធម៌ នៃវិជ្ជាជីវៈផងដែរ

* ទី៤៖ ត្រូវមានផែនទីបង្ហាញផ្លូវគ្រប់តំបន់ឱ្យបានច្រើនភាសា

* ទី៥៖ បណ្តុះបណ្ដាលជំនាញដល់បុគ្គលិក កម្មករ ទៅតាមឯកទេសរៀងៗខ្លួន ដើម្បីឱ្យមានអនាម័យកម្រិតខ្ពស់

* ទី៦៖ នៅតាមច្រកទ្វារអន្តរជាតិ ត្រូវសម្រួលដល់ភ្ញៀវទេសចរដែលមកដល់

* ទី៧៖ បើភ្ញៀវទេសចរវង្វេងផ្លូវ ប្រជាជនកម្ពុជា យើងត្រូវចង្អុលបង្ហាញផ្លូវ ទោះបីគ្មានពេលក៏ដោយ ត្រូវចំណាយពេលជូនផ្លូវដល់ភ្ញៀវទេសចរ។

* ទី៨៖ ទីក្រុងស្អាត រស់នៅស្អាត។

ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជានេះ ឯកឧត្តម សុខ ទូច ក៏បាននឹងកំពុងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសួនតេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារផងដែរ។ នៅក្នុងសួននេះ លោក សុខ ទូច គ្រោងអភិរក្សព្រៃឈើធំៗនៅតំបន់នោះ ព្រមទាំងមានការចិញ្ចឹមសត្វផ្សេងៗបន្ថែមទៀត។

បន្ថែមពីលើនេះកាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានចុះកិច្ចចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព។

អនុស្សារណៈនេះផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ សំដៅចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា៕