ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រាសាទ


នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធឧបដ្ឋានសាលា នៅក្នុងវត្តប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលប្រសូតចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា សរុបថវិកាចំនួន ៦៣៣,៦០០ (ហុកសិបបីម៉ឺន បីពាន់ប្រាំមួយរយ) ដុល្លារអាមេរិក។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព ដែលមានតម្លៃធំធេង និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងវិស័យសាសនា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ “ឥឡូវនេះ វិស័យពុទ្ធចក្រកំពុងស្របគ្នាជាមួយអាណាចក្រ! យើងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង គ្រឹះស្ថានសាធារណៈ អគារពាណិជ្ជកម្មតូចធំ សាលារៀន និងវត្តអារាមច្រើនជាង ៥០០០ទីតាំងដែលប្រមូលផ្តុំទៅដោយព្រះវិហារចម្រុះពណ៌ និងមានព្រះសង្ឃគង់នៅជាង ៥ម៉ឺនអង្គ” ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។
“សន្តិភាពបាននាំមកនូវគម្រោងវិនិយោគជាច្រើន ដែលបានរួមចំណែកផ្តល់ការងារជូនយុវជន-យុវនារីរាប់សិបម៉ឺននាក់ អាចផ្ញើប្រាក់ជូនអ្នកមានគុណនៅឯស្រុកកំណើត ដើម្បីធ្វើបុណ្យដាក់ទាន និងចូលរួមកសាងសមិទ្ធផលក្នុងទីអារ៉ាមនានា” ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបេតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋនៅអង្គពិធីជាង ៥០០នាក់ និងបានកោតសសើរ ព្រមទាំងបំពាក់មេដៃស្ថាបនាជាតិដល់សប្បុរសជន ដែលបានសហការជាមួយព្រះសង្ឃ អាជ្ញាធរដែនដី និងពុទ្ធបរស័ទចំណុះជើងវត្ត ក្នុងការកសាងឧបដ្ឋានសាលានេះឡើង សម្រាប់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានធ្វើការគោរពប្រតិបត្តិ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀល និងថវិកាដែលកើតពីសទ្ធាជ្រះថ្លារបស់មន្ត្រីក្រសួងពាណិជ្ជកម្មចំនួន ៨លាន ៨សែន ប្រាំពីម៉ឺនរៀល និង ១៨០ដុល្លារ ព្រមទាំងអំណោយមួយចំនួន ដល់គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននៅក្នុងពិធីផងដែរ។
សូមបញ្ជាក់ថាវត្តប្រសាទ ត្រូវបានកសាងឡើងនៅលើផ្ទៃដីទំហំ៣ហិកតា នៅក្នុងគ.ស១៩១៦ ស្ថិតនៅចម្ងាយ១៣គ.ម ភាគខាងត្បូងទីរួមស្រុក ជាប់តំបន់ទំនាបបឹង។ ចាប់ពីឆ្នាំ ១៩១៦ ដល់ឆ្នាំ១៩៧៤ ដល់បច្ចុប្បន្ន វត្តនេះបានដឹកនាំ និងគ្រប់គ្រងដោយព្រះចៅអធិការ ៥ជំនាន់ ហើយឧបដ្ឋានសាលាដែលសម្ពោធថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលសម្រេចបាននៅក្រោមដំបូលសន្តិភាព និងបានឆ្លុះបង្ហាញឲ្យឃើញការដឹកនាំ និងអនុវត្តន៏គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។