ក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការសិក្សាអំពីសក្តានុពលទឹកនៅតំបន់ខ្ពង់រាប


ស្ថិតក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងទស្សនវិស័យទប់ទល់នឹងការប្រែប្រួលខ្លាំងនៃរបបទឹកទន្លេមេគង្គនាពេលអនាគត ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងអ្នកបច្ចេកទេស ឲ្យចុះធ្វើការសិក្សាជាបន្ទាន់ អំពីសក្តានុពលទឹកនៅតំបន់ខ្ពង់រាប សំដៅឈានទៅគ្រប់គ្រងធនធានទឹកនៅតំបន់នោះឲ្យបាន និងទាញយកមកប្រើប្រាស់ឲ្យអស់លទ្ធភាព ជាប្រយោជន៍សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ការងារនេះ ត្រូវបានដឹកនាំដោយលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ។
ឆ្លងតាមការសិក្សាជាបន្តបន្ទាប់ ក្រុមអ្នកបច្ចេកទេសពិនិត្យឃើញថា សក្តានុពលទឹកនៅតំបន់ខ្ពង់រាប ទាំងខ្ពង់រាបភាគឦសាន និងខ្ពង់រាបភាគខាងជើង អាចឆ្លើយតបទៅនឹងតម្រូវការបាន ប្រសិនបើយើងធ្វើការអភិវឌ្ឍ និងគ្រប់គ្រងឲ្យបានល្អ ។
នៅតំបន់ខ្ពង់រាបភាគឦសាន ក្រៅពីទន្លេល្ពៅដែលជាប្រភពទឹកដ៏សំខាន់ កម្ពុជាយើងនៅមានព្រែកធំៗមួយចំនួនទៀត ហើយក្នុងបេសកកម្មនាពេលនេះ ក្រុមការងារបានចាប់យកទីតាំងមួយចំនួន ដើម្បីធ្វើការគ្រោងប្លង់លំអិត ក្នុងនោះមាន ៖
១- យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងយោងតាមចក្ខុវិស័យផ្ទាល់របស់ឯកឧត្តម លើការគ្រប់គ្រោងទឹក និងធ្វើការអភិវឌ្ឍព្រែកឆ្លូង និងព្រែកទាំងអស់ក្នុងភូមិភាគឦសាន ដែលជាប្រភពទឹកទន្លេមេគង្គ ជាបញ្ហាសំខាន់បំផុត លោក ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការពិនិត្យក្បាលព្រែកឆ្លូង ក្បាលព្រែកទេរ ក្បាលព្រែករមាស (ក្បាលព្រែករមីស) និងក្បាលព្រែកច្បារ ក្នុងខេត្តមណ្ឌលគីរី ។
២- គ្រោងប្លង់សំណង់ទំនប់ស្ទាក់ទឹកកាត់ព្រែកឆ្លូង តាមលក្ខណៈបច្ចេកទេស ជា Labyrinth Weir នៅត្រង់ភូមិព្រះស្រែ ឃុំព្រះស្រែ (ព្រំប្រទល់ស្រុកកែវសីមា និងស្រុកអូររាំង) តំបន់ ១៨០ ក្នុងខេត្តមណ្ឌលគីរី ។
៣- គ្រោងប្លង់សាងសង់ទំនប់កាត់ព្រែកឆ្លូង ០១ កន្លែងទៀត ត្រង់ភូមព្រះខ្ទុុម ឃុំព្រះខ្ទុុម (ព្រំប្រទល់ស្រុកកែវសីមា និងស្រុកស្នួល) ក្នុងតំបន់ ១០៧ ខេត្តមណ្ឌលគីរី ។
៤- គ្រោងប្លង់សាងសង់ទំនប់កាត់ព្រែកទេរ ជាប្រភេទទំនប់បេតុង Labyrinth ត្រង់ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
៥- សិក្សា និងសាងសង់ទំនប់កាត់ព្រែករមាស ជាប្រភេទទំនប់បេតុង Labyrinth នៅតំបន់ ៥៧០ ក្នុងខេត្តមណ្ឌលគីរី ដើម្បីសំរួលចរន្តទឹករបស់ព្រែករមាស និងបង្វែរទឹកកុំគំរាមកំហែងដល់ក្រុងសែនមនោរម្យផង និងបង្វែរទឹកឲ្យចូលទៅព្រែកទេរ និងព្រែកឆ្លូងផង ។
៦- គ្រោងប្លង់សំណង់ទំនប់កាត់ព្រែកច្បារ ដែលជាប្រភពទឹកទន្លេស្រែពក ជាប្រភេទទំនប់បេតុង Labyrinth ត្រង់ភូមិពូលូន សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រង់តំបន់ ៥០៣ ។
៧- សិក្សាអំពីទីតាំងដែលត្រូវតម្លើងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ និងស្ថានីយឧតុនិយមស្វ័យប្រវត្តិ ។
សូមបញ្ជាក់ជូនថា ការសិក្សា និងអភិវឌ្ឍន៍លើវិស័យធនធានទឹកនៅតំបន់ខ្ពង់រាប គឺជាទស្សនវិស័យ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ពិសេសការប្រែប្រួលខ្លាំងនៃរបបជលសាស្ត្រទន្លេមេគង្គ នាពេលអនាគត ៕