ទេសរដ្ឋមន្ត្រី អៀង មូលី៖ «រាជរដ្ឋាភិបាលបោះទុន១១លានដុល្លារ ដើម្បីទិញថ្នាំសម្រាប់រយៈពេល៣ឆ្នាំ ២០២១- ដល់២០២៣»


ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺអេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានបោះទុនចំនួន១១លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣ ហើយរាជរដ្ឋាភិបាលក៏បានដាក់បញ្ចូលអ្នកជំងឺ អេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

ការថ្លែងបែបនេះរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ចូលរួមសិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានអាជ្ញាធរ នាយករដ្ឋបាលខេត្ត នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារជាតិ អភិបាល អភិបាលរងស្រុកជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំង តំណាងអង្គការ UNAIDS HP+ និងHACC សរុបជាង៦០នាក់។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវសេចក្តីសោមនស្សចំពោះការរៀបចំសិក្ខាសាលា និងជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារឆ្លើយតបនឹងមេរោគអេដស៍ កម្មវិធីការពារ និងការបញ្រ្ជាបការយល់ដឹងឱ្យបានយល់ច្បាស់ និងការអនុវត្តឆ្លើយតបនឹងមេរោគអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា ក្រោយពីរៀបចំសិក្ខាសាលា នៅសាលាខេត្តកំពង់ស្ពឺរួច ថ្នាក់ដឹកនាំអាជ្ញាធរ អាចនឹងដឹកនាំឱ្យមានការរៀបចំសិក្ខាសាលានៅខេត្តដទៃទៀត។ លោកទេសរដ្ឋមន្រ្តីបានបន្តថា សេចក្តីជូនដំណឹងលេខ ២១៣សជណ.សស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគិតចេញដោយរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ យើងបានរៀបចំឱ្យមានការប្រជុំអន្តរក្រសួងផងដែរ។ លោកអះអាងថា អាជ្ញាធរមានតួនាទីតាមដាន ពិនិត្យមើល និងជំរុញឱ្យក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា៖ «បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺ អេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែរាជរដ្ឋាភិបាល បានបោះទុនចំនួន១១លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣។ យើងក៏បានដាក់បញ្ចូលអ្នកជំងឺ អេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភផងដែរ»។

ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលារបស់យើងធ្វើឡើងត្រូវពេល គឺក្នុងពេលដែលយើងស្ថិតនៅក្នុងដំណាក់កាល ផ្ទេរការងារមកថ្នាក់ក្រោមជាតិ ដោយអំណាចគ្រប់គ្រង ស្ថិតនៅរដ្ឋបាលខេត្តនោះ ពីព្រោះថា ការងារដែលយើងកំពុងតែ ធ្វើនៅពេលនេះត្រូវការពេលវេលាយូរបន្តទៅទៀត។ កាលពីមុន កម្មវិធីជំងឺអេដស៍ជាកម្មវិធីដោយឡែក។ ប៉ុន្តែឥឡូវនេះ យើងផ្ទេរមកក្នុងកម្មវិធីជាតិ។ ដូច្នេះយើងត្រូវ ចាប់ផ្ដើមឱ្យមានសកម្មភាពការងារអេដស៍ថ្នាក់ ខេត្ត ស្រុក ឃុំឱ្យបានសកម្មឡើង ដោយក្នុងនោះ យើងត្រូវរៀបចំឱ្យមាន៖ ១៖ ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្រុក ឃុំ, ២៖ សកម្មភាពអនុវត្តការងារ និង ៣៖ សំណើសុំថវិកា។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គពិធីថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ខ្លះមិនចាំបាច់មានថវិកាទេ ក្នុងនោះដូចជា នៅពេលប្រជុំជាច្រើននៅថ្នាក់ក្រោមជាតិ យើងអាចលើកការងារអេដស៍ ឬក្នុងពេលថ្នាក់ដឹកនាំខេត្ត ឬមន្ទីរជំនាញចុះធ្វើការងារជាមួយសិស្សានុសិស្ស យុវជន កម្មករ នារីបម្រើសេវាកម្សាន្តសប្បាយ នៅតាមសាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើមនោះ អាចដាក់បញ្ចូលការងារប្រយុទ្ធនឹងមេរោគអេដស៍។ យើងបានបញ្ចូលអ្នកផ្ទុកមេរោគអេដស៍ជាអ្នកក្រីក្រ។ ការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺអេដស៍។ ការងារធ្វើបាន សុខាភិបាលរឿងព្យាបាលថែទាំរបៀបចែកថ្នាំ។ ឃុំសង្កាត់លើកការងារអេដស៍មក មន្ទីរជំនាញកុំឆ្លើយថាគ្មានខ្ទង់។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញលិខិតណែនាំរដ្ឋបាល ក្រុងស្រុកឱ្យដាក់បញ្ចូលការងារអេដស៍ ក្នុងផែនការអភិវឌ្ឍន៍ក្រុងស្រុក យកចិត្តទុកដាក់លើក្រុមប្រឈម ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងត្រូវពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ជួយដល់ការងារឆ្លើយតបនឹងជំងឺអេដស៍៕