ឯកឧត្តម នេត្រ ភក្ត្រា៖ យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «យុវជនមានតួនាទីសំខាន់ ក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ហើយការអប់រំបានដើរតួនាទីសំខាន់ ដើម្បីសម្រេចបាននូវចក្ខុវិស័យបានដាក់ចុះ គឺទី១៖ ធានាឱ្យបាននូវគុណភាព និងនិរន្តរភាពបរិស្ថាន និងទី២៖ ការពារឱ្យបាននូវកេរដំណែលធនធានធម្មជាតិ សម្រាប់ផលប្រយោជន៍មនុស្សគ្រប់ៗរូប។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពិធីបើកវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ ដែលជាវគ្គប្រកួតជម្រុះនៅក្នុងចំណោមសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៨ នៅរាជធានីភ្នំពេញ ដែលនេះគឺជាការរៀបចំវេទិកាលើកទី៤ ក្នុងក្របខណ្ឌនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ ដែលវេទិកាចំនួន៣ ដូចគ្នានេះត្រូវបានរៀបចំនៅក្នុងខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ មានការចូលរួមពីវិទ្យាល័យចំនួន១៦ មកពីរាជធានីភ្នំពេញ ចំនួន៨ ខេត្តក្រចេះចំនួន២ ខេត្តស្ទឹងត្រែងចំនួន២ និងខេត្តកំពង់ធំ ចំនួន២ វិទ្យាល័យ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះក្រសួងបរិស្ថាន បានដាក់ចុះនូវបេសកកម្មសំខាន់ៗ រួមមាន៖ កិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្ស និងការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់សិស្សានុសិស្ស និស្សិតនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជននានា ក្នុងប្រទេសកម្ពុជាអាចបញ្ចេញសមត្ថភាព និងសេចក្តីក្លាហាន របស់ខ្លួនចូលរួមផ្តល់ យោបល់ជាមួយរាជរដ្ឋាភិបាល និងសាធារណជន ដើម្បីឱ្យពួកគេអាចស្វែងយល់អំពីបញ្ហាបរិស្ថាន ដែលកំពុងប្រឈមមូលហេតុ និងដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ទិដ្ឋភាពជាក់ស្តែង និងគំនិតច្នៃប្រឌិតថ្មីៗ របស់សិស្សនិស្សិត។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាននេះ បានរៀបចំបានចំនួន៣៩លើក រួចមកហើយចាប់តាំងពីឆ្នាំ២០០៤ រហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយវេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់យុវជនសិក្សាស្រាវជ្រាវស្វែងរកទឡ្ហីករណ៍ថ្មីៗ តាមបែបវិទ្យាសាស្ត្រគាំទ្រគោលជំហររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចផ្លាស់ប្តូរចំណេះដឹងទាំងនោះទៅកាន់សាធារណជនទូទៅថែមទៀតផង។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ប្រធានបទសំខាន់ៗ ដែលបានដាក់សម្រាប់វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយផ្តោតទៅលើប្រធានបទសំខាន់ទី១៖ ការអប់រំ និងផ្សព្វផ្សាយបរិស្ថានគឺជាកត្តាដ៏ជោគជ័យ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព, ទី២៖ កម្ពុជាមានសក្តានុពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំងសម្រាប់វិស័យថាមពល ត្រូវចាប់យកឱកាសជំរុញការប្រើប្រាស់ថាមពលដើរដោយព្រះអាទិត្យ, ទី៣៖ ការគ្រប់គ្រងសំរាម
គឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ និងគ្រួសារ និងទី៤៖ វិស័យទេសចរណ៍ធម្មជាតិ បានចូលរួមយ៉ាងសំខាន់បំផុត ដល់ការអភិរក្សធនធានធម្មជាតិ។

ចំពោះក្រុមសិស្សដែលបានទទួលពិន្ទុខ្ពស់ចំនួន៤ក្រុម នឹងបន្តការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រជាមួយសិស្សមកពីវិទ្យាល័យ នៅខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខ នៅខេត្តព្រះវិហារ។

គូសបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ នេះរៀបចំឡើងដោយនាយកដ្ឋានអប់រំបរិស្ថាននៃ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង របស់អង្គការ USAID៕