ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យមួយចំនួន ជាជំនួយរបស់អគ្គនាយកក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប និងតំណាងសភាពាណិជ្ជកម្មចិនបានប្រគល់ជូនអង្គភាពពន្ធនាគារខេត្តសៀមរាប


កាលពីរសៀលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២០ តាមរយៈការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាបបានប្រគល់ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនជូនដល់អង្គភាពពន្ធនាគារខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ និងប្រតិភូចិន និងមានការអញ្ជើញចូលរួមពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាគរខេត្តសៀមរាប និង លោក អនុប្រធានអង្គភាព លោកប្រធាន-អនុប្រធានការិយាល័យ ពិធីប្រគល់នេះរៀបចំនៅអង្គភាពពន្ធនាគារខេត្តសៀមរាប ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ក៏បានសម្តែងនូវអំណរគុណចំពោះ ប្រជាជនចិន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ជូនដល់អង្គភាពពន្ធនាគារខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជាបឋមជូនដល់ជនជាប់ឃុំនៅក្នុងអង្គភាពពន្ធនាគារខេត្ត ។
ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលោកប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ។

លោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ លោកនឹងធ្វើការសម្របសម្រួលជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើងថែមទៀត ក្នុងវិស័យទេសចរណ៍ កដូចជាវិស័យផ្សេងៗទៀតដែរ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ បានរួចរាល់នោះ លោកសង្ឃឹមជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប និង មានការឈានឡើងទៀតផង ៕