ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពការពារព្រំដែនគោកលេខ៤០២ និង៤០៣


(ឧត្ដរមានជ័យ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចុះជួប សំណេះសំណាល សួរសុខទុក្ខវីរយុទ្ធជនកងទ័ពការពារព្រំដែនគោកលេខ៤០៣ ឋិតនៅតំបន់អន្លង់វែង និងកងទ័ពការពារព្រំដែនគោកលេខ៤០២ ឋិតនៅតំបន់អូរស្មាច់ ចំណុះយោធភូមិភាគទី៤ខេត្តឧត្តរមានជ័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោកឧត្ដមសេនីទោ សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤ ប្រធានគណៈបញ្ជាការសមរភូមិទិសទី២ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានប្រមាណ៨០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការជួបជុំនេះអាចប្រព្រឹត្តទៅបានដោយសារស្រុកមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដូចនេះ យើងត្រូវអរគុណសន្ដិភាព អរគុណនយោបាយឈ្នះៗ និងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីនាំយក សុខសន្តិភាពជូនប្រជាជាតិខ្មែរទាំងមូល ព្រមទាំងបាននាំមកនូវការរស់រានមានជីវិត ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈររហូតមកដល់ពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ទោះបីមានមេរោគកូវីដ-១៩ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលនៅតែបន្តការកសាងនិងអភិវឌ្ឍរបស់ខ្លួន ហើយដៃគូអភិវឌ្ឍន៍នៅតែ បន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលលើគម្រោងពង្រឹង ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ការស្ដារផ្លូវដែក ទាំងពីរខ្សែ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសថៃ ទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័ ក្រុង ភ្នំពេញ និងក្រុងព្រះសីហនុ ការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរ ការរៀបចំផែនការមេភស្ដុភារកម្ម ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗ ទៀត និងយន្តការទប់ស្កាត់ និងលុបបំបាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគម្រោងធំៗមួយចំនួនដែលបានសិក្សារួច និងគម្រោងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌដូចជា៖ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត កិច្ចសហការជាមួយភាគីវៀតណាមសិក្សាលទ្ធភាពសាងសង់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ កិច្ចសហការជាមួយក្រុមហ៊ុនឯកជន សិក្សាលទ្ធភាព សាងសង់ផ្លូវដែកទំនើបម៉ូណូរ៉េល ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនិងគម្រោងផ្សេងៗ ជាច្រើនទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងថាក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរ ការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបាន ច្រើនកន្លែង រថយន្តឆៀកចល័ត ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានោះផងដែរលោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វ ហេតុការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខសន្តិភាព ពេញលេញជូនរាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការអភិវឌ្ឍរបស់ខ្លួនតាមការគ្រោងទុក ព្រមទាំងបានណែនាំឱ្យវីរយុទ្ធជនទាំងអស់ អនុវត្តតាមវិធានការការពាររបស់ ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឱ្យផុតពីការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្ភារបរិក្ខារចាំបាច់មួយចំនួនដែលបានប្រគល់ជូនរួមមាន កុំព្យូទ័រ ម៉ាស៊ីនព្រីន វិទ្យុទាក់ទង សម្ភារសំណង់តាមការស្នើសុំរបស់អង្គភាពនីមួយៗ និងថវិកា មួយចំនួន ចែកជូនដល់បងប្អូនជានាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពផងដែរ៕