ពលរដ្ឋនៅខណ្ឌឫស្សីកែវ ជួបការខ្វះខាតក្នុងជីវភាព គ្រាដែលវិប្បត្តិនៃជម្ងឺកូវីដ១៩ កំពុងរីករាលដាល ទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា


ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ចំនួន៦គ្រួសារ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងប្រជាពលរដ្ឋក្រីក្រ ចំនួន៥គ្រួសារផ្សេងទៀត រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នៅគ្រាដែលវិប្បត្តិនៃជម្ងឺកូវីដ១៩ កំពុងរីករាលដាលលើសកលលោក ចាប់ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺរយៈពេល២ថ្ងៃជាប់គ្នានេះ ពួកគាត់បានទទួលការជួយសង្គ្រោះ ដោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីលោកជំទាវ អាន ផល្លា និងលោកជំទាវរី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

ក្នុងសកម្មភាពមនុស្សធម៌ នៅគ្រាដែលវិប្បត្តិនៃជម្ងឺកូវីដ១៩ កំពុងរីករាលដាលលើសកលលោកនេះ លោកជំទាវ អាន ផល្លា និងលោកជំទាវ សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រទូទៅ តាមជាក់ស្ដែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា សង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាមួយសហការីនេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់ នៅគ្រាដែលវិប្បត្តិនៃជម្ងឺកូវីដ១៩ កំពុងរីករាលដាល ហើយក៏ជាគ្រាកំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕