សាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំការបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង៩ និងប្រធានការិយាល័យអប់រំ ប្រធានមណ្ឌលសុខភាពក្រុង-ស្រុកទាំង៩។
ឯកឧត្តម គិត ទ្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អ និងពង្រឹងគុណភាពអប់រំ ដើម្បីផលិតបានធនធានមនុស្សប្រកបដោយគុណភាព គុណធម៌ ពោលគឺជា មនុស្សពោរពេញទៅដោយចំណេះដឹងមានជំនាញច្បាស់លាស់ មានឥរិយាបថល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះដើម្បីឲ្យឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍជាតិឲ្យដល់ចំណុចគោលដៅ របស់ខ្លួនយើងទាំងអស់គ្នាជាអ្នកអនុវត្តចក្ខុវិស័យនេះឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
ឯកឧត្តមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលដាក់ឲ្យដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងខេត្តដំណាក់កាលទី២ សូមគ្រប់សាលាទាំងអស់អនុវត្ត ឲ្យបានល្អប្រសើរនូវវិធានការសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយធ្វើយ៉ាងណាត្រូវមានឧបករណ៍សម្រាប់ វាស់ កំដៅ សាប៊ូ អាល់កុល ឬក៏ជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងការចម្លងវីរ៉ុសរលាកផ្លូវវដង្ហើមប្រភេទថ្មី (កូវីដ-១៩) ដែលជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម គិត ទ្រី ស្នើដល់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អភិបាលក្រុង-ស្រុកនិងគ្រប់អ្នកពាក់ព័ន្ធក៏ដូចជាអង្គការដៃគូ សូមបន្តយកចិត្តទុកដាក់លើកកម្ពស់ពង្រឹង វិធានការការពារខ្លួន និងបន្តផ្សព្វផ្សាយឲ្យបានផុសផុលអំពីជំងឺកូវីដ-១៩ ដែលកំពុងបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាជាពិសេសផ្សព្វផ្សាយសេចក្ដីណែនាំ លេខ១០ លេខ១១ និង១២ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានទូលំទូលាយ៕