ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ១៩ ជូនពលរដ្ឋខេត្តកំពង់ស្ពឺ ទោះដឹងថា កម្ពុជាគ្មានជំងឺនេះក្នុងសហគមន៍ក្តី


ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះផ្សព្វផ្សាយពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវិដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅតំបន់ដាច់ស្រយាល ក្នុងភូមិតាំងស្រឹង និងភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាការរួមចំណែកមួយដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺកាចសាហាវនេះ។

ការបន្តចុះផ្សព្វផ្សាយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីការទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺកូនៅវីដ-១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដែលដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមនឹងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៩រូប សុទ្ធសឹងតែជាក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីធ្វើការណែនាំអប់រំណែនាំជូនប្រជាពលរដ្ឋ។

ដំណើរចុះណែនាំអប់រំ និងផ្សព្វផ្សាយរបស់ក្រុមការងារគ្រូពេទ្យនេះ ក៏មានការសហការដោយលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់, សមាគមអ្នកចែកចាយឱសថកម្ពុជា និងអជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ រួមនឹងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តចុះផ្សព្វផ្សាយអប់រំ ណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដូចជា ចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល រួមមាន៖ ជំងឺផ្លូវចិត្ត សន្លាក់ឆ្អឹង ក្រពះ ពោះវៀន ជំងឺទូទៅ ចែកថ្នាំ មុលទីវីតាម៉ីន វីតាម៉ីនសេ។

ក្រៅពីថ្នាំពេទ្យ និងថ្នាំព្យាបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានជូនអំណោយតាមរយៈក្រុមការងាររបស់ឯកឧត្តម ដែលរួមមាន៖ អាកុលចំណុះ៣០លីត្រចំនួន៣ធុង និង១៦០ដបធំ, ម៉ាស់១,៣០០ម៉ាស់, ម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង, សាប៊ូចំនួន៥៦២ដុំ, ក្រដាសរូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន២០០សន្លឹក, ព្រមទាំងស្បៀងអាហារមានជានំប៉័ង៤០០ដើម និងទឹកសុទ្ធ ៣០ កេស និងមានការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន១៣៥គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ១៦២នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយ លោក លេង ផាលី ប្រធានប្រតិបត្តិនៃក្រុមការងារគ្រូពេទ្យ បានប្រកាសក្នុងការងារសាងសង់ទីស្នាក់គណបក្សប្រជាជនចំនួនបីឃុំគឺ៖ ទី១៖ ឃុំរស្មីសាមគ្គី, ទី២៖ ឃុំហោងសំណំ និងទី៣៖ ឃុំតាសាល។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មានចំនួន០២នាក់។

នាឱកាសនោះ ឯកឧត្តម លេង ផាលី ក៏បានលើកឡើងថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ»

ឯកឧត្តមបន្ថែមថា ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសកម្មភាពមនុស្សធម៌នេះ៕