សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម


សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន  ខេង ព្រមទាំងឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាព និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលនិងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការនគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ 

នាឳកាលនោះសម្ដេចក្រឡាហោម  ខេង និងលោកជំទាវ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបារក្សាទីអារាមវត្តបុទមវតីរាជវរារាម ដើម្បីចំរើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ក្នុងកុសលផលបុណ្យនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នាឱកាសដ៏វិសេសវិសាលនេះ 

សម្ដេចក្រឡាហោម  ខេង រួមទាំងប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី៦ ក៏បានអញ្ជើញប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទានសីលពីព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ មុននឹងសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃជាច្រើនអង្គទៀតយាងនិងនិមន្តស្វាធ្យាចំរើនព្រះបរិត្ត ពុទ្ធជ័យមង្គល និងសម្ដែងព្រះធម្មវិសេសទេសនា 

សូមបញ្ជាក់ថាជាកិច្ចបន្តនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះ នៅវេលាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក .ស២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែកញ្ញាស្អែក សម្ដេចក្រឡាហោមនិងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាព និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ នឹងអញ្ជើញនាំយកនូវចង្ហាន់ ព្រមទាំងទេយ្យទាន និងគ្រឿងបរិក្ខារ ដើម្បីរាប់បាត្រ និងវេប្រគេនព្រះសង្ឃ ប្រារព្ធកិច្ចពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខណ្ឌលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ 

ដោយ៖ កន ចំណាន