បន្ទាប់ពីសាលារៀនចាប់ផ្តើមបើកទ្វារបង្រៀនវិញ តំណាងរាស្ដ្រកំពង់ចាម នាំយកអាល់កុល ម៉ាស ម៉ាស៊ីនស្ទង់កំដៅ ចែកជូនវិទ្យាល័យសិក្សាទូទាំងស្រុកជើងព្រៃ


តំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បាននាំយកនូវអំណោយជាអាល់កុល ម៉ាស និងម៉ាស៊ីនស្ទង់កំដៅ ចែកជូនដល់វិទ្យាល័យសិក្សាទូទាំងស្រុកជើងព្រៃ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការចុះចែកជូននូវសម្ភារប្រើប្រាស់សម្រាប់ការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ បានធ្វើឡើងខណៈ សាលារៀនបើកដំណើរការសិក្សាវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩នោះ។

ឯកឧត្តមតំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងថា «ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យរីករាលដាលដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យើងខ្ញុំបាននាំយកនូវសម្ភារប្រើប្រាស់ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដនេះ ដោយមាន អាល់កុល ម៉ាស និងម៉ាស៊ីនស្ដង់កំដៅជាដើម ព្រោះថា បើមានការឆ្លងដល់សិស្សក្នុងសាលារៀន នោះវាអាចនឹងរីករាលដាលចូលទៅក្នុងសហគមន៍របស់យើង» ។

ដូច្នេះ សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នាបន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការពារជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែសជាដាច់ខាន ព្រោះថាយើងអាចភ្លេចជំងឺកូវីដ តែជំងឺនេះមិនភ្លេចយើងឡើយ បើមិនមានការប្រុងប្រយ័ត្ននោះទេ នោះវានឹងអាចឆ្លងបានគ្រប់ពេលវេលា។

ឯកឧត្តមតំណាងរាស្ដ្រ ម៉ា ឈឿន បានលើកឡើងថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្ដយាយីនៅលើសកលលោក មិនទាន់មានការថមថយឡើយដោយតាមបណ្ដាប្រទេស មានករណីស្លាប់ និងឆ្លងជាច្រើនលាននាក់។ កម្ពុជាយើង ក៏មានករណីឆ្លងជំងឺកូវីដ១៩នេះដែរ ហើយសុទ្ធសឹងតែជាករណីនាំចូល តែមិនមានករណីស្លាប់សូម្បីតែម្នាក់ និងមានចំនួនឆ្លងតិចតួច។

នេះដោយសារតែ «រាជរដ្ឋាភិបាលកម្ពុជាយើង ដឹកនាំប្រកបដោយភាពរឹងមាំច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ទាន់ពេលវេលា ។មន្ដ្រីសុខាភិបាលយើង ក៏ខ្លាំង ខុសពីការស្មានទុករបស់ពិភពលោក ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងពលរដ្ឋខ្មែរ និងបរទេស បានជាសះស្បើយស្ទើរ ១០០% ដោយពេលនេះ នៅសល់អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ បន្ទាប់ពីជាសះស្បើយ សរុប២៧៣នាក់»។ នេះបើតាមការបញ្ជាក់របស់តំណាងរាស្រ្ដរូបនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្រ្តី៥៤នាក់ និងបុរស ២១៩នាក់) និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន០១នាក់ ជាបុរសត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ។

ជាមួយគ្នានោះ នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ លោក ហ៊ត់ គឹមហុង បានថ្លែងថា «ក្នុងនាមខ្ញុំតំណាងវិទ្យាល័យទាំង៤ នៅស្រុកជើងព្រៃ សូមសម្ដែងនូវសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដល់តំណាងរាស្ដ្ររបស់យើង ដែលតែងតែយកចិត្ដទុកដាក់ និងខ្វល់ខ្វាយដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ពលរដ្ឋទូទាំងស្រុក» ។

លើសពីនោះ តែងតែកៀរគរសម្បុរសជននានា ស្វែងរកអាហារូបករណ៍ជូនដល់សិស្សានុសិស្ស ជាច្រើនរយកន្លែងជារៀងរាល់ឆ្នាំ។ ក្រៅពីនោះ លោកតែងតែ ជំរុញលើកទឹកចិត្ដ ជាមួយនឹងការឧបត្ថម្ភថវិកា ជូនដល់សាលារៀន លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សផងដែរ ។

ជាក់ស្ដែងនៅព្រឹកនេះ ឯកឧត្តមតំណាងរាស្ដ្រម៉ាឈឿន បាននាំយកនូវអាល់កុល ម៉ាស មាស៊ីនស្ដង់កំដៅ ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទូទាំងស្រុកជើងព្រៃ សម្រាប់ប្រើប្រាស់ការពារទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ថ្លែងបន្ដថា «យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ និងកោតសរសើរ នឹករម្លឹកដល់ទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌របស់ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ដែលផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅដល់កូនចៅទាំងអស់គ្នា មិនដែលមើលរំលងពីទុក្ខលំបាករបស់ពួកយើងឡើយ»

លោកបន្ដថា ក្រោមការយកចិត្ដទុក្ខដាក់ពីរាជរដ្ឋាភិបាល យើងនឹងខិតខំប្រឹងប្រែង ថែរក្សាសុខសន្ដិភាព ពិសេស ប្ដេជ្ញាចិត្ដគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពីវិធានការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ និងធ្វើរៀបចំសាលារៀនយើង ប្រកបដោយអនាម័យស្អាតជានិច្ច ដោយមានសាប៊ូ អាល់កុល ជែល នៅតាមបន្ទប់ថ្នាក់រៀននីមួយៗ ឱ្យសិស្សពាក់ម៉ាសទាំងអស់គ្នា និងពន្យល់ណែនាំបន្ថែមទៀត ដើម្បីចៀសផុតពីជំងឺផ្សេងៗក្រៅពីកូវីដ១៩៕