ឯកឧត្តម ប៉ាន សូរស័ក្តិ៖ គាំទ្រចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧


នៅក្នុងជំនួបជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហរគាំទ្រចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានចាត់ទុកជាវេទិកាជួបជុំប្រចាំឆ្នាំដ៏ធំរបស់យុវជន-យុវនារីខ្មែរ។
“ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនគ្រាន់តែបម្រើដល់ការជួបជុំរបស់យុវជនគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌ ដែលបាននាំមកនូវប្រាក់ចំណូលរាប់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រជាជន និងអាជីវករនៅក្នុងខេត្តសៀមរាបទាំងមូល” ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់។
“ខ្ញុំសូមចាត់តាំងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងឆ្នាំបន្ទាប់។” ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែម។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងយកចិត្តទុកដាក់លើការងារយុវជន ជាពិសេសកិច្ចការសង្គម សកម្មភាពមនុស្សធម៌ កីឡា និងបរិស្ថាន ហើយឯកឧត្តមក៏បានប្រគល់ជូនថវិកាចំនួន ១០លានរៀល ដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានសន្យានឹងជួយស្វែងរកសម្ភារៈ និងបរិក្ខាផ្សេងៗពីវិស័យឯកជន ដើម្បីទ្រទ្រង់ដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ឲ្យទទួលបានជោគជ័យ៕