ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាទាំងអស់កាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង។ ឯកឧត្តម ហោ ណាំហុង បានជំរុញ ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ទាំងអស់ត្រូវប្រឹងប្រែងបង្កើន សកម្មភាពការងារដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហារបស់ពលករខ្មែរនៅក្រៅ ប្រទេស។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការណែនាំឱ្យឯកអគ្គរាជទូត/អគ្គកុងស៊ុល ទាំងអស់យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានល្អនូវការងារសំខាន់ មួយចំនួនខាងក្រោមនេះ៖ ត្រូវយកចិត្តទុក ដាក់តាមដានសភាពការណ៍នៅក្នុងប្រទេស ពិសេសគឺ Facebook និង Website របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យបានជាប់ជារៀងរាល់ថ្ងៃ។
ព្រមទាំងយកចិត្តទុកដាក់តាមដានរាល់ការផ្សាយព័ត៌មានទាក់ទងនឹងកម្ពុជារបស់ប្រព័ន្ធ ឃោសនាជាតិ និងបន្តធ្វើការផ្សព្វផ្សាយពីការរីកចម្រើនលើគ្រប់វិស័យក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេស។ យកចិត្តទុក ដាក់ដល់ ការការពារ និងជួយឱ្យបានជាអតិបរមានូវរាល់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺពលករ ទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅប្រទេសថៃ/ នៅសាធារណរដ្ឋកូរ៉េ ហើយនិងបញ្ហាស្ត្រីខ្មែរនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាអាទិ៍៖ នៅប្រទេសថៃ ត្រូវបន្តជំរុញឱ្យអាជ្ញាធរថៃផ្តល់ប័ណ្ណ ការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ដោះស្រាយរាល់ការរំលោភបំពានផ្សេងៗរបស់និយោជកមកលើពលករ ខ្មែរផ្តល់ការគាំទ្រផ្នែកច្បាប់និងការ ផ្តល់មេធាវីក្នុងករណីឡើងតុលាការ ការទាមទារសំណងផ្សេងៗ សម្រួល ការធ្វើមាតុភូមិនិវត្តន៍។ល។ រីឯនៅប្រទេសកូរ៉េ ត្រូវបន្តចុះសួរសុខទុក្ខពលករ ហើយដោះស្រាយនូវរាល់បញ្ហា ដែលពលករជួបប្រទះ។
ចំណែកនៅប្រទេសចិន ត្រូវបន្តសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះនិងរៀបចំការធ្វើ មាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរដែលរងគ្រោះដោយសារការជួញដូរស្រ្តី ហើយនៅប្រទេសម៉ាឡេស៊ី ត្រូវបន្តការការពារផល ប្រយោជន៍ស្រ្តីខ្មែរដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះ ដូចជាការបង្ខំឱ្យធ្វើការងារហួសកំណត់ការបំពានលើ រាងកាយ ការផ្តល់ប្រាក់បៀវត្សរ៍មិនបានត្រឹមត្រូវ និងទៀងទាត់តាមការ កំណត់ ការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍។ល។ នៅប្រទេសឥណ្ឌូណេស៊ី បន្តជួយ សង្គ្រោះពលរដ្ឋកម្ពុជាដែលទទួលរងគ្រោះទៅធ្វើជា កម្មករលើទូកនេសាទរបស់ថៃ/របស់ម៉ាឡេស៊ី។ យកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ សម្រាប់និស្សិត កម្ពុជា យកចិត្តទុកដាក់ ចំពោះនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសតាំងនៅក៏ដូចជាចំពោះនិស្សិតដែលជា ពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសតាំងនៅ ដូចជានៅប្រទេសបារាំង បណ្តាប្រទេសសមាជិកEU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ។ល។ និងជួយដោះស្រាយរាល់បញ្ហារបស់និស្សិត និងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសតាំងនៅ ទោះជាមានសញ្ជាតិបរទេស ក៏ ដោយក៏គេនៅតែជាខ្មែរដែរ។ រាល់ការចេញលិខិតបញ្ជាក់ផ្សេងៗ និងការផ្តល់សេវាកុងស៊ុល ត្រូវធ្វើដោយឥត គិតថ្លៃ និងឆាប់រហ័សទាន់ពេលវេលា។
ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ការផ្តល់ទិដ្ឋាការចូលមក កម្ពុជាត្រូវធ្វើឱ្យ បានឆាប់រហ័ស និងជៀសវាងការយកតម្លៃលើសពីការកំណត់របស់រដ្ឋនិង ដើម្បីទាក់ទាញវិនិយោគិន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីកត្តាអនុគ្រោះសម្រាប់ការ វិនិយោគនៅកម្ពុជា៕
ឯកឧត្តម ហោ ណាំហុង ណែនាំឱ្យឯកអគ្គរាជទូតនិងអគ្គកុងស៊ុល យកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យបានល្អ
