អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្តទួលសន្តិវន្តហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីបុណ្យត្រូវបានធ្វើឡើងនាល្ងាចថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងទេសនា។ លុះដល់ថ្ងៃទី០៩ កញ្ញា វេលាម៉ោង ០៩ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

ពិធីកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែលសន្មតទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។

សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យ ឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និងគួរឱ្យរំភើបរីករាយ ពន់ ប្រមាណ។

នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បាននាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តទួលអស់លោក រួមមាន៖ ថវិកា ចំនួន ២៣.៤២០.០០០រៀល និង ១៤៥០ដុល្លារ, អង្ករ ១០០គីឡូក្រាម, មី ២០កស, ទឹកក្រូច ៥០កេស, ទឹកសុទ្ឋ ៥០កេស, ទឹកដោះគោខាប់ ១កេស, ស្ករស ៥០គីឡូក្រាម, សាដក ៣៤, ចែកក្រណាត់ ស ចំនួន ៥០ដុំ, ផ្លែឈើ ៣៥កន្ត្រក និងប្រគេនចៅអធិការ ៤០ម៉ឺនរៀល គ្រូសូត្រស្តាំ ឆ្វេង ១អង្គ ២០ម៉ឺន, តាអាចារ្យ ២០ម៉ឺនរៀល, ប្រគេន ២០ម៉ឺនដល់ព្រះសង្ឃទេសនា និងប្រគេនព្រះសង្ឃ ៣០អង្គ ចំនួន ៥ម៉ឺនរៀលក្នុង១អង្គ និងសិស្ស និសិត្យ ១៥នាក់ ម្នាក់ៗ ទទួលបាន ១ម៉ឺនរៀល៕