អភិបាលរងខេត្តកំពង់ធំ​៖ មនុស្សចាស់ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍សង្គមជាតិ


ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា មនុស្សចាស់ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តម ញ៉ឹក បានខេង បានថ្លែងយ៉ាងដូច្នេះកិច្ចប្រជុំពិភាក្សាយោបល់ក្របខ័ណ្ឌគោលនយោបាយ និងយន្តការគាំទ្រមនុស្សចាស់នៅកម្ពុជាថ្ងៃទី៩ ខែកញ្ញា ២០២០ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ រៀបចំដោយអង្គការមនុស្សចាស់កម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានសមាគមមនុស្សចាស់មន្ត្រីសង្គមកិច្ចតាមបណ្តាក្រុងស្រុក និងអង្គការដៃគូរក្នុងខេត្ត។

ឯកឧត្តមបន្តទៀតថា ការលើកស្ទួយសុខុមាលភាពមនុស្សចាស់បានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ ក្នុងសង្គមជាតិហើយមនុស្សចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាង គ្រួសារ សហគមន៍ ការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ទើបគេចាត់ទុកមនុស្សចាស់គឺជាសម្បត្តិវប្បធម៌ មនុស្សចាស់គឺជាកេរ្តិ៍មរតរបស់ជាតិដ៏ប្រសើរថ្លៃថ្លាបំផុត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា «មនុស្សចាស់ជាបណ្ណាល័យរស់ដែលបានផ្តល់ការអប់រំ ដំបូន្មាននិងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី។ ហើយមនុស្សចាស់ក៏ជាធនធានដ៏សំខាន់ បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានរីកចម្រើនផងដែរ»

ដោយសារតែស្គាល់ច្បាស់ពីគុណបំណាច់ និងការដើរតួនាទីដ៏សំខាន់នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់។

សមាគមមនុស្សចាស់គឺជាអង្គការមួយ ដែលមានគោលដៅលើកកម្ពស់សុខមាលភាពមនុស្សចាស់ តាមរយៈសកម្មភាពរួមដែលផ្ដល់ប្រយោជន៍ដល់ពួកគាត់ផ្ទាល់ និងសហគមន៍របស់ពួកគាត់។

របាយការណ៍របស់លោក លៀង សុភា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានបញ្ជាក់ថាសមាគមមនុស្សចាស់ក្នុងខេត្តកំពង់ធំមាន៨១ ឃុំ សង្កាត់ ក្នុងនោះសមាគមមានដំណើរការល្អមាន៨ សមាគម មានសមាជិក ២០៩០នាក់ ស្រី ១៣៥៨នាក់។

សមាគមមានដំណើរការមធ្យម មាន ៧សមាគម មានសមាជិកសរុប៤០៩ នាក់ស្រី ២០២នាក់ និងសមាគម ដំណើរការខ្សោយ ៦៦សមាគម មានសមាជិក ៣៣៨៤នាក់ ស្រី១៣៥០នាក់។ ស្ថានភាពមនុស្សចាស់គ្មានទីពឹង ១៦៥៦នាក់ស្រី ១៤៥៣នាក់ ក្នុងនោះមនុស្សវ័យចាស់ (ក្រ១) មាន៥០២៧ នាក់ និងមនុស្សវ័យចាស់(ក្រ២) មាន៧៥៩១នាក់៕