ប្រជាពលរដ្ឋងាយរងគ្រោះជាង៤០០គ្រួសារ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានអំណោយពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចខេត្ត


ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន៤០៦គ្រួសារ រស់នៅឃុំសៀមបូក ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួមអមដោយ លោកអភិបាលស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប។

ក្នុងនោះ អំណោយដែលបាន នាំយកទៅចែកជូននាពេលនោះ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង ដោយក្នុងនោះ មួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹស៊ីអ៊ីវ១យួរ និងភួយ១ ផងដែរ។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋ ដែលទីទាល់ក្រីក្រ ជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ម៉ុម សារឿន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវវិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល៕