ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង ១៥:០០ នាទីថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋគុយបាផងដែរ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើវិស័យកសិកម្ម តាមរយៈការផ្តល់ទស្សនកិច្ចផ្លូវការទៅប្រទេសគុយបាដល់មន្ត្រីក្រសួង ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា បេសសកម្មរបស់លោកជំទាវនៅកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយភាគីគុយបា បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារជាច្រើនដល់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្នែកដាំដុះ ផលិតកម្មសត្វ និងវារីវប្បកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ដោយសារស្ថានភាពបច្ចុប្បន្ន
ការគោរពចំណងមិត្តភាពខួបលើកទី៦០ នៃចំណងការទូតរវាងប្រទេសទាំងពីរគឺមិនអាចប្រព្រឹត្តទៅបាន។ ពាក់ព័ន្ធនឹងប្រធានបទខាងលើ លោកជំទាវក៏បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណាត់ការ និងវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ និងរក្សាបាននូវសន្តិសុខស្បៀង។ លោកជំទាវក៏បានបន្ថែមផងដែរថា ប្រទេសគុយបាបានស្រាវជ្រាវ និងអភិវឌ្ឍន៍វាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយសង្ឃឹមថានឹងអាចដាក់ចេញប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ជាពិសេសក្នុងវិស័យសុខាភិបាល ដោយបានបង្កើតវាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ហើយសង្ឃឹមថា ប្រទេសគុយបានឹងអាចចែករំលែកវាក់សាំងការពារនេះមកកម្ពុជានាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជំងឺវីរុសកូវីដ-១៩ នេះប្រាកដណាស់បានបង្អាក់ដំណើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានភាពជឿជាក់លើសមត្ថភាពគ្រប់គ្រងរបស់ខ្លួន និងបានឆ្លើយតបក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងយ៉ាងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ដើម្បីឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាចប្រព្រឹត្តទៅដោយជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមានកិច្ចប្រជុំថ្នាក់បច្ចេកទេស ដើម្បីឲ្យក្រុមការងារនៃប្រទេសទាំងពីរពិនិត្យ និងពិចារណាលើការធ្វើកសិ-ពាណិជ្ជកម្ម ផ្លាស់ប្ដូរបទពិសោធន៍គ្នាលើការធ្វើទំនើបកម្មកសិកម្ម បច្ចេកវិទ្យាទំនើប ជាពិសេសលើដំណាំអំពៅ និងដំណាំកសិកម្មផ្សេងទៀតដែលមានសក្តានុពុល ដើម្បីរុញកំណើននៃការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប លោកជំទាវបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។ លោកជំទាវសន្យាថា នឹងប្រឹងប្រែងអស់លទ្ធភាពដើម្បីរឺតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។