ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន៖ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងអង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ប្រតិបត្តិករ HALO Trust ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលលើដីបោសសម្អាតមីនរួច ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ថ្នាក់ដឹកនាំអាជ្ញាធរមីន និងប្រតិបត្តិករ HALO Trust ជាច្រើននាក់។
ក្រៅពីម្ចាស់ជំនួយនៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក៏មានការអញ្ជើញចូលរួមពី លោក SASAKI Keiichiro និង លោក MATSUDA Kengo លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកប្រាប់ទៅម្ចាស់ជំនួយទាំងអស់ អំពីស្ថានភាពនៃទឹកដីខេត្តប៉ៃលិន ដែលជាអតីតសមរភូមិប្រយុទ្ធយ៉ាងខ្លាំងក្លា និងការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហម ជាពិសេសការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក ជាមគ្គុទ្ទេស និងជាប្រតិបត្តិករដ៏ឆ្នើម ក្នុងការនាំមកនូវសុខសន្តិភាព និងឯកភាពជាតិពេញលេញ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ក្នុងនាមអ្នកទទួលផល និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយទឹកដីអតីតសមរភូមិប្រយុទ្ធ និងគ្រោះថ្នាក់ដោយកាកសំណល់សង្រ្គាម ទៅជាទឹកដីដែលមានសុវត្ថិភាព និងការអភិវឌ្ឍ តាមរយៈការងារបោសសម្អាតមីននេះ។
ឯកឧត្តមបន្តទៀតថា ខេត្តប៉ៃលិន នឹងកាន់តែមានភាពស្រស់ស្អាត សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការរួមចំណែកពីម្ចាស់ជំនួយ និងប្រទេសជាមិត្ត ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការគាំទ្រ និងផ្តល់ជំនួយសប្បុរសធម៌នេះ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងម្ចាស់ជំនួយ បានជួបសំណេះសំណាល ដោយផ្ទាល់ជាមួយអ្នកទទួលផល ពីដីដែលបានបោសសម្អាតមីនរួចព្រមទាំងបានប្រគល់ជូននូវលិខិតបញ្ជាក់ដល់ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលជាភូមិអស់ការគម្រាមដោយសារមីន។
សូមបញ្ជាក់ផងដែរថា ខេត្តប៉ៃលិន គឺជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះដោយគ្រាប់មីនច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីចំនួន ៦៤ គីឡូម៉ែត្រក្រឡាដែលមានមីនក្នុងខេត្តត្រូវបានបោសសម្អាត និងយកមកប្រើប្រាស់ នៅសល់ផ្ទៃដីចំនួន ៣២ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយសារមីន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានជនរងគ្រោះដោយសារមីននិងគ្រាប់ចំនួន ២៤២៥ ស្មើនឹង ២% នៃគ្រោះថ្នាក់ទូទាំងប្រទេស។
ដោយឡែក ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជាឃុំមួយក្នុងចំណោមឃុំដែលមានមីនច្រើនបំផុត ក្នុងខេត្តប៉ៃលិន មានអ្នកស្លាប់និងរបួសចំនួន១៥៩នាក់ ស្រី១៩នាក់ ដោយសារមីន ១១៨នាក់ ហើយបានបោសសម្អាតផ្ទៃដីមានមីនរួចចំនួន ២១ គីឡូម៉ែត្រក្រឡា (៤៩៩ ចំការមីន) និងនៅសល់ចំនួន ៥.៤ គីឡូម៉ែត្រក្រឡា (មីនចំនួន ១០៥) ទៀត។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤ បានផ្តោតសំខាន់ទៅលើលទ្ធផលធំៗចំនួន៣ គឺ ទី១៖ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ, ទី២៖ គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣៖ ពង្រឹងសមត្ថភាពថ្នាក់ជាតិ។
ម្ចាស់ជំនួយសំខាន់ៗនៃគម្រោង គឺអូស្រ្តាលី កាណាដា នូវែលសេឡង់ និងស្វ៊ីស ក្នុងចំណោមអ្នកដទៃទៀត។ សាធារណរដ្ឋកូរ៉េ នឹងចូលរួមក្នុងគម្រោងនេះចាប់ពីឆ្នាំ ២០២១ តទៅ៕