នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤គ្រួសារ។
ក្នុងសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានបញ្ជាក់ពី លទ្ធផលការងាររបស់យោធិនពិការ នៅក្នុងមណ្ឌល និងកង្វះខាតមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់។
ជាពិសេស នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ក៏ដូចនៅតាមបណ្តាកងពល និងអង្គភាពផងដែរ។
នាយឧត្តមសេនីយ៍ បានធ្វើការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់យោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិ មាតុភូមិរហូតធ្លាក់ខ្លួនពិការ។ ដោយមាននយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុងបានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះគ្រួសារជនពិការ ដែលបានលះបង់ប្តី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់ជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះហើយ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការ កាន់តែប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការ ទប់ស្កាត់ជំងឺ រលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី និងគ្រុនឈីក សូមឲ្យបងប្អូនចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃជាមួយទឹកសាប៊ូ អាល់កុលឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវទៀតផង។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង អង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧ សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនោះឡើយ។
ក្នុងនោះនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកាចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងគ្រួសារ យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ, មី, ស្ករស, ទឹកដោះគោ និងថវិកា៣ម៉ឺនរៀល៕