ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អនុញ្ញាតឲ្យគណៈប្រតិភូយុវជនក្រៅប្រព័ន្ធ ជួបពិភាក្សាការងារ


ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូយុវជន ធ្វើសកម្មភាពពាក់ព័ន្ធ នឹងយុវជនក្រៅប្រព័ន្ធ ដឹកនាំដោយ ឯកឧត្តម ហោ សេរីវឌ្ឍន៍ និង ឯកឧត្តម សំហេង បុរស ចូលជួបសំដែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅវិមានសន្តិភាព។

ការជួបសំណេះសំណាលនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រវាងកិច្ចការរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងកិច្ចការ របស់យុវជនក្រៅប្រព័ន្ធ ដែលកំពុងធ្វើសកម្មភាព ដើម្បីស្វែងរកការសហការគ្នា ជួយដល់យុវជនក្រៅប្រព័ន្ធដែលកំពុងប្រឈមបញ្ហានានា ក្នុងដំណាក់កាលកូវីដ និងនៅថ្ងៃអនាគត។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី សុន គន្ធរ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានសម្តែងភាពសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការសហការ ជាមួយនឹងគណៈប្រតិភូយុវជនក្រៅប្រព័ន្ធ។ គួរកត់សម្គាល់ផងដែរថា គណៈប្រតិភូយុវជនធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនក្រៅប្រព័ន្ធនេះ មានសមាសភាពប្រមូលផ្តុំពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នគ្រឹះស្ថានសិក្សា អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។

ក្នុងការសំណេះសំណាល ដ៏មានសារសំខាន់នេះ បានរកឃើញថា ស្ថាប័នទាំងពីរនេះ មានគោលដៅ និងការងាររួមគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចៗ ឬប្រកបអាជីវកម្មក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណា ឲ្យពួកគេមានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់។

មិនត្រឹមតែប៉ុណ្ណោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងគណៈប្រតិភូយុវជន ធ្វើសកម្មភាពក្រៅប្រព័ន្ធ នឹងធ្វើការរួមគ្នាយ៉ាងណា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋ ជាពិសេសរបស់យុវជនដែលបំពេញការប្រកបរបរចិញ្ចឹមជីវិត ជាលក្ខណៈស្វ័យនិយោគ និងក្រៅប្រព័ន្ធ សំដៅស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។

នៅទីបញ្ចប់ ឯកឧត្តម សុន គន្ធរ និង ឯកឧត្តម ហោ សេរីវឌ្ឍន៍ បានឯកភាពគ្នាថា ត្រូវធ្វើការទំនាក់ទំនងគ្នា និងធ្វើការរួមគ្នាជាប្រចាំ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណា ជួយដល់ប្រជាពលរដ្ឋក្រៅប្រព័ន្ធ ឲ្យមានការរីកចម្រើនទាំងចំណេះដឹង ជំនាញ និងបង្កើនប្រាក់ចំណូល៕