ភ្នំពេញ ៖ ក្នុងព្រឹកថ្ងៃកាន់បិណ្ឌទី៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញនាំយកនូវចង្ហាន់បិណ្ឌបាត្រ បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន ជាច្រើនមុខ ទៅប្រគេនព្រះសង្ឃ នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្ត្រខ្មែរទូទាំងប្រទេស តែងតែប្រារព្ធមិនដែលខានឡើយតាំងពីបុរាណកាលមក គឺ ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល១៥ថៃ្ង ដែលនៅថ្ងៃ១៥រោច ជាថៃ្ង “ភ្ជុំបិណ្ឌ”។បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ទក្ខិណានុប្បទាន នៃ ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិ សន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយ ដោយបានរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃដែលគង់នៅទីវត្តអារាម។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមដំណើរដោយក្រុមគ្រួសារ បង ប្អូន សាច់ញាតិ និងមន្ត្រីអ្នកមុខអ្នកការ ដែលអញ្ជើញមកដាក់បិណ្ឌនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែកនាពេលនេះ ក៏ដូចជាការអញ្ជើញទៅកាន់ទីវត្តអារាមផ្សេងៗ នាពេលកន្លងមក ជាសក្ខីកម្មបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ អំពីការគោរពប្រតិបត្តិយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាប្រមាណជាង៩០% នៅទូទាំងប្រទេស។ វត្តមានរបស់សម្តេច អញ្ជើញមកកាន់វត្តអារាម នានា សម្តេចតែងតែនាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សំភារៈ បរិក្ខារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រគេនព្រះសង្ឃ និងសម្រាប់បន្តចូលរួមអភិវឌ្ឍកសាងសមិទ្ធផលនានាទាំងនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ឱ្យរីកចម្រើនរុងរឿងជាបន្តបន្ទាប់ផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញធ្វើកិច្ចតាមប្រពៃណី នៃព្រះពុទ្ធសាសនា ដោយបានអញ្ជើញរាប់បាត្រ បូជាបច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរប្រគេនព្រះសង្ឃ ឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឱ្យវិញ្ញាណក្ខន្ធរបស់អស់លោកអ្នកទាំងនោះបានទទួលយក កុំបីអាក់ខានឡើយ។
តាមរយៈមនុញ្ញផលដ៏ថ្លៃថ្លានៅក្នុងវេនកាន់បិណ្ឌទី៩នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និងមន្ត្រីចូលរួមបុណ្យក៏បានឧទ្ទិស សូមឱ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន បានយោងយកកំណើតកើតនៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងងាកក្រោយឱ្យពរជ័យ ដល់កូន ចៅបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យព្រះបារមីដ៏សក្ដិសិទ្ធិនៅក្នុងលោក ព្រះបារមី នៃវត្តមុនីសុវណ្ណ ហៅចំពុះក្អែក តាមជួយបីបាច់ថែរក្សាសម្តេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីសម្តេចបានស្ថិតនៅគ្រប់គ្រង ការពារព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបានជានិរន្តរ៍ នូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិង ការអភិវឌ្ឍ រីកចំរើនថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។មួយវិញទៀត តាមរយៈមនុញ្ញផលនៃថ្ងៃដាក់បិណ្ឌទី៩ នៅវត្តចំពុះក្អែកនេះ ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យដែលសម្តេចបានធ្វើឱ្យបានដល់វិញ្ញាណក្ខន្ធវីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិជាតិស្នេហានៃយើងផងដែរ។
ក្នុងឱកាសបុណ្យដាក់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែកនេះ សម្តេចមានសទ្ធាជ្រះថ្លាបានប្រគេនទេយ្យទាន ទេយ្យវត្ថុ សរុបចំនួន២២មុខ ដែលក្នុងមួយមុខៗមានមួយចំនួនធំ រួមនឹងបច្ច័យសង្កត់បិណ្ឌ៥លានរៀល និងបច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃបូករួមនឹងបច្ច័យជាង១៩លាន ៨សែនរៀល និង៣ម៉ឺន៦ពាន់៨៥០ដុល្លារអាមេរិកបន្ថែមទៀត ដែលបានមកពី លោកជំទាវ ឯកឧត្តម មន្ត្រីអ្នកមុខ អ្នកការ ដែលបានអញ្ជើញចូលរួមនាឱកាសនោះផងដែរ។ សរុបបច្ច័យទាំងអស់ក្នុងបិណ្ឌទី៩ នៅវត្តមុខនីសុវណ្ណ ហៅចំពុះក្អែក សម្រាប់ការកសាងសមិទ្ធផល ក្នុងវិស័យព្រះពុទ្ធសាសនាមានជាង២៤លាន៨សែនរៀល និងប្រាក់ដុល្លារ៣ម៉ឺន៦ពាន់៨៥០ដុល្លារអាមេរិក។ក្រៅពីនេះ សម្តេចក៏បានប្រគេនព្រះសង្ឃ១៨០អង្គក្នុង១អង្គៗមានទេយ្យទាន និងបច្ច័យ៥ម៉ឺនរៀល,យាយជីតាជី១៧០នាក់ ម្នាក់ៗទទួលបានក្រណាត់ស និងថវិកា៥ម៉ឺនរៀល។
វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ ក៏អាស្រ័យដោយជំនឿ និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន។ ដូច្នេះ វិស័យទាំងពីរនេះ គឺ ពុទ្ធចក្រ និង អាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេព្រោះថាព្រះសង្ឃ និងទីវត្តអារាម គឺជាស្រែបុណ្យសម្រាប់អប់រំទូន្មាន ប្រៀនប្រដៅអោយមនុស្សទូទៅឱ្យប្រព្រឹត្តតែអំពើល្អ ប្រកាន់ខ្ជាប់នូវសាមគ្គីធម៌ រួមរស់ក្នុងសង្គមជាតិមួយប្រកបដោយសុខដុមរមនា។ សូមបញ្ជាក់ថា ៖ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក កាលពីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេបានយកទីអារាមនេះ ទាំងមូលប្រែក្លាយអោយទៅជាមន្ទីរឃុំឃាំង និងកាប់សម្លាប់មនុស្ស យ៉ាងអយុត្តិធម៌ និងសាហាវព្រៃផ្សៃជាទីបំផុត៕