លោកជំទាវ សេង វណ្ណសាយ ដឹកនាំកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆមាស ឆ្នាំ ២០១៧ លើកទី ៥ សម្រាប់ក្រុមការងារ និងមន្ត្រីបង្គោលយេនឌ័រ


លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆមាស ឆ្នាំ ២០១៧ លើកទី ៥ សម្រាប់ក្រុមការងារ និងមន្ត្រីបង្គោលយេនឌ័រ ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត នៅសណ្ឋាគារកោះកុងសុីធី ខេត្តកោះកុង ។ កិច្ចប្រជុំ និងទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តិទៅរយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០១៧ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសយេនឌ័រក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបង្គោលយ៉េនឌ័ររបស់មន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានីខេត្ត សរុប ចំនួន ៤០ រូប ។
កិច្ចប្រជុំនេះ មានគោលបំណង៖
១. បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារបញ្ជ្រៀបយេនឌ័រ ក្នុងវិស័យធនធានទឹក ដែលពាក់ព័ន្ធនឹងការពិនិត្យ តាមដាន ស្វែងយល់ និងរៀនសូត្រពីគ្នា ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ពីបញ្ហាប្រឈម ការបញ្ជ្រៀបយេនឌ័រនៅក្នុងកិច្ចអភិវឌ្ឍន៍តាមវិស័យនាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ។
២. ធ្វើដំណើរទៅសហគមន៍ប្រព័ន្ធធារាសាស្ត្រ សម្រាប់ការចុះពិនិត្យលើទិដ្ឋភាពខុសៗគ្នា នៃការបញ្ជ្រៀបយេនឌ័រក្នុងសហគមន៍កសិករប្រើប្រាស់ទឹក និងពិភាក្សាពីបទពិសោធន៍ និងបញ្ហាប្រឈម ក៏ដូចជាការងារយេនឌ័រ ដែលកើតមានក្នុងសហគមន៍ ៕