អភិបាលខណ្ឌចំការមន ជួបសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងឱកាសកាន់បិណ្ឌ


ដើម្បីឱ្យកងកម្លាំងចូលរួមធ្វើបុណ្យកាន់បិណ្ឌ ក៏ដូចថ្ងៃភ្ជុំបិណ្ឌ នៅស្រុកកំណើតជាមួយក្រុមគ្រួសារ ឪពុកម្តាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងចែកអង្ករ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ជូនកម្លាំងចំនួន ៥០នាក់។

ក្នុងនោះឯកឧត្តមអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់កងកម្លាំងត្រូវដឹងពីតួនាទី ភារកិច្ចរបស់ខ្លួន ត្រូវគិតគូរពីសុវត្ថិភាព ក្នុងការធ្វើដំណើរទៅស្រុក ជាពិសេសត្រូវបំពេញការងារឱ្យមានប្រសិទ្ធភាព ក្នុងបេសកម្មរបស់ខ្លួន ក៏ដូចជាការចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈជាពិសេសចុះកាយសំរាម តាមមាត់លូ ដោយហេតុថាភ្លៀងធ្លាក់មានបរិមាណច្រើនៗ។

ឯកឧត្តម ថេង សុថុល ក៏បានក្រើនរំឮកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌឱ្យពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ និងបានណែនាំឱ្យកម្លាំងសន្តិសុខទាំងអស់ ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ ជាពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះត្រូវអនុវត្តតាមមតិភាគច្រើន។

ឯកឧត្តមអភិបាលខណ្ឌ បានបន្ថែមថា «យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត»

នាឱកាសនោះ ឯកឧត្តម ថេង សុថុល ក៏បានណែនាំដល់កងកម្លាំង ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា កម្លាំងសណ្តាប់ក្នុងម្នាក់ៗទទួលបានអាវភ្លៀងចំនួន០១ និងអង្ករ ០១បាវ (២៥គីឡូក្រាម) មី ស្ករស អំបិល, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូលាងដៃ១ដុំតូច, ទឹកអាល់កុល១ដប និងម៉ាសចំនួន១០ម៉ាសផងដែរ៕